(ភ្នំពេញ) រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រាប់ឲ្យមន្ត្រីសុរិយាដីគ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវរៀបចំតំបន់វិនិច្ឆ័យវាយតម្លៃក្បាលដីឲ្យបានច្បាស់លាស់ នៅតាមតំបន់ដីដែលបានចុះបញ្ជី ដើម្បីឲ្យអគ្គនាយកដ្ឋានពន្ឋដាអាចប្រមូលពន្ឋបានច្រើនចូលរដ្ឋ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំ២០១៨ និងលើកទិសដៅទៅឆ្នាំ២០១៩ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨កន្លងមកថា កន្លងមកភូមិសាស្ត្រដីធ្លីបានប្តូរប្រភេទដីពីដីកសិកម្ម ទៅជាដីឧស្សាហកម្ម ដីលំនៅឋាន និងដីផ្សារជាច្រើន ប៉ុន្តែបច្ចុប្បន្នដីកសិកម្មបានក្លាយទៅជាដីឧស្សាហកម្ម និងដីបុរីស្ទើរតែអស់ទៅហើយ ចំណែកការអនុវត្តន៍តាមផ្លូវច្បាប់វិញ នៅតែចុះបញ្ជីជាដីកសិកម្មដដែល ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្តថា “ការវាយតម្លៃដីធ្លីនេះ បើយើងមិនធ្វើការលាតត្រដាងនោះទេ រដ្ឋនឹងបាត់ចំណូលពន្ធលើបញ្ហាដីធ្លីជាច្រើន នឹងក៏មានករណីកើតឡើងលើបញ្ហាដីធ្លីនេះមិនតិចតួចផងដែរ ទាក់ទងការប្តូរប្លង់ ឬកាត់ប្លង់ជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា “ចាប់ពីពេលនេះទៅប្រធានភូមិបាលទាំងអស់នៅទូទាំងប្រទេស ត្រូវរៀបចំតំបន់វិនិច្ឆ័យ វាយតម្លៃក្បាលដីឲ្យបានច្បាស់លាស់ នៅតាមតំបន់ដីដែលបានចុះបញ្ជីរួចរាល់ ដើម្បីចៀសវាងការបាត់បង់ថវិការចំណូលពន្ធចូលរដ្ឋ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់មថា ដើម្បីចៀសវាងបញ្ហាបាត់ប្រាក់ចំណូលពន្ធចូលរដ្ឋ យើងត្រូវបន្តធ្វើបច្ចុប្បន្នភាពក្នុងមួយឆ្នាំ២ដង ព្រោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកប្រតិបត្តិនៅលើការងារនេះដោយផ្ទាល់។ ហេតុនេះក្រោយពីវាយតម្លៃ ឬការប៉ាន់ស្មានប្រភេទដីថា ជាដីកសិកម្ម ឧស្សាហកម្ម ដីលំនៅឋាន ឬដីបុរីផ្សេងៗរួច យើងត្រូវរៀបចំជាឯកសារទម្រង់បែបបទ និងបញ្ជីស្នាមទាំងនោះ បញ្ជូនទៅអគ្គនាយកដ្ឋានពន្ធដារ ព្រោះតាមរយៈការអនុវត្តន៍បែបនេះ រដ្ឋាភិបាលនឹងទទួលបានប្រាក់ចំណូលកើនឡើងមួយកម្រិតទៀត។
លោកច្រឹក សុខនីមដែលទើបជាប់ឆ្នោតជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ការធ្វើបច្ចុប្បន្នភាពតម្លៃដីធ្លី និងការបង្កើនការយកពន្ឋតាមតម្លៃបច្ចុប្បន្នភាព អាចធ្វើឲ្យចរន្តទិញលក់ដីធ្លីធ្លាក់ចុះ និងធ្វើឲ្យដីទំនេរច្រើន ដែលសកម្មភាពអភិវឌ្ឍន៍នឹងថមថយផងដែរ ពិសេសតម្លៃដីធ្លីនឹងមិនកើនឡើងខ្ពស់ ព្រោះអ្នកមានដីធ្លីពួកគេនឹងលក់ចេញមួយចំនួន ហើយអ្នកមានដីលក់មិនចង់លក់ចេញ ដោយសារការបង់ពន្ឋកើនឡើង។
លោកបន្តថា “កាលណាពន្ឋកាន់តែច្រើន នឹងធ្វើឲ្យចរន្តទិញលក់ដីធ្លីថយចុះ និងថមថមនូវល្បឿននៃការកើនឡើងតម្លៃដីធ្លី ហេតុនេះរដ្ឋាភិបាលគួរពិចារណាលើបញ្ហានេះ។លោកបន្តថា “ដើម្បីទប់តម្លៃដីធ្លីកុំឲ្យឡើងថ្លៃខ្លាំងពេក នៅប្រទសរីកចម្រើនមួយចំនួន ពួកគេប្រើប្រាស់វិធីសាស្ត្រដំឡើងការយកពន្ឋបែបនេះ”៕