ភ្នំពេញ ៖ ទោះជាមានការបែកបាក់ ប្រេះឆាក្នុងរង្វង់គ្រួសារ អស់ជាច្រើនឆ្នាំយ៉ាងណាក្តី ប្ដីឃើញអតីតប្រពន្ធ នៅជាមួយសង្សារថ្មី ទ្រាំមិនបានក៏ស្ទុះទៅចាក់ជាច្រើនកាំបិត បណ្ដាលឲ្យបុរសជាសង្សារស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ និងអតីតប្រពន្ធ និងម្ដាយក្មេករងរបួសធ្ងន់។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុច ផ្ទះលេខ៧៩៣ (ហាង Family BBQ Buffet) ផ្លូវ១០១ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ ថា គេឃើញបុរសជាប្តី ជិះម៉ូតូមួយគ្រឿង ម៉ាក PCX មិនចាំស្លាកលេខ មកទុកនៅខាងក្រោយរថយន្ត ដែលគេចតចោល នៅក្បែរហាងខាងលើ រួចដើរចូលទៅក្នុងហាង ស្របពេលនោះដែរ ក្រុមនារីរត់តុសួរថា អញ្ជើញពិសាអ្វីដែរ តែបុរសដៃដល់ មិនឆ្លើយតបនោះទេ បែរជាប្រញ៉ាប់ដើរសំដៅ ទៅរកបុរសជនជាតិចិនរងគ្រោះ ដែលកំពុងអង្គុយហូបស៊ុបជាមួយប្រពន្ធនិងកូន រួមទាំងម្ដាយក្មេក រួចធ្វើសកម្មភាព ដកកាំបិតដែលទុក នៅក្នុងកាបូបស្ពាយនោះ ចាក់ទៅលើជនជាតិចិនជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ចំណែកនារីជាប្រពន្ធ និងស្ត្រីជាម្ដាយ ក៏ត្រូវបានបុរសជាប្ដីនោះ ចាក់ជាច្រើនកាំបិត បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់។ បុរសជនជាតិចិន បានស្លាប់ ក្រោយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយពីធ្វើសកម្មភាព ចាក់ទៅលើមនុស្ស៣នាក់ខាងលើ បណ្ដាលឲ្យរងរបួសធ្ងន់ហើយ ជនដៃដល់បានដើរចេញ ពីហាងខាងលើទៅយកម៉ូតូ ចេញទៅបាត់ស្រមោលតែម្ដង។ នគរបាលខណ្ឌចំការមន បានប្រាប់ឲ្យដឹងដែរថា បុរសដៃដល់ដែលធ្វើសកម្មភាព ចាក់សម្លាប់មនុស្សនេះ គឺជាអតីតប្ដីរបស់នារីរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណទេ តែត្រូវបានគេស្គាល់ថាជាមន្ត្រីយោធា។
ក្រោយពេលកើតហេតុ គេឃើញមាន កម្លាំងអាវុធហត្ថខណ្ឌចំការមន និងកម្លាំងនគរបាលខណ្ឌចំការមន ចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រកជនដៃដល់៕
ប្រភព៖ Heng Ly