ព្រះសីហនុ៖លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុអោយដឹងនៅព្រឹកថ្ងៃទី២៥ធ្នូ២០១៨នេះថា ករណីជនសង្សយ័ម្នាក់ក្លែងបន្លំ ប្រើប្រាស់ឯកសណ្ឋាន ជានគរបាលជាតិហើយលួចរបស់របរភ្ញៀវ ដែលនគរបាលចាប់ខ្លួនបានកាលពីម្សិលមិញ មិនមែនជាករណីប៉ុនប៉ងចូលលួចឬប្លន់ធនាគារABA នៅក្រុងព្រះសីហនុទេ គឺជាករណីលួចរបស់របរមានតម្លៃរបស់ភ្ញៀវក្នុងបន្ទប់ផ្ទះសំណាក់ចំបុីផ្សារលើ ដែលនៅក្បែរគ្នា ហើយពេលបែកការណ៍ជនសង្សយ័ក៍រត់គេចឡើងទៅលើដំបូលធនាគារក្នុងបំណងគេចខ្លួនតែប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់ពីហេតុការណ៍នេះថា នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១១និង ៣០នាទី ម្ចាស់ផ្ទះសំណាក់ ចំប៉ីផ្សារលើ ស្ថិតនៅ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ បានរាយការណ៍ថា មានជនសង្ស័យម្នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ពាក់ឯកសណ្ឋាននគរបាល បានធ្វើសកម្មភាពចូលលួចសម្ភារៈមានតម្លៃរបស់ភ្ញៀវគាត់នៅក្នុងបន្ទប់ ពេលគាត់មកទាន់ ជនសង្ស័យបានរត់ផ្លោះចូលទៅក្នុងធនាគារ ABA ។
បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់២ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ និងកម្លាំងដែលពាក់ព័ន្ធផ្សេងទៀត ធ្វើការឡោមព័ទ្ធជុំវិញបរិវេណកន្លែងកើតហេតុ រួចធ្វើការរុករកជនសង្ស័យ រហូតចាប់ឃាត់ខ្លួនបានជនសង្ស័យដែលកំពុងសង្ងំលាក់ខ្លួននៅក្នុងធុងទឹក ជាន់ខាងលើនៃផ្ទះសំណាក់ ចំប៉ីផ្សារលើ ។
ជនសង្ស័យឈ្មោះ សេង វិឆៃ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។
វត្ថុតាងចាប់យកបានរួមមានម៉ូតូ ០១គ្រឿង ម៉ាក PCX ពណ៌ទឹកមាស គ្មានស្លាកលេខ,
វិទ្យុទាក់ទង ០១គ្រឿង,ឆ្នាំងសាកវិទ្យុទាក់ទង ០១គ្រឿង, ឯកសណ្ឋាននគរបាល ០២ឈុត, អាវរងារពណ៌ខ្មៅ ដៃវែង មានអក្សរ POLICE ចំនួន១,ស្បែកជើងកវែង ០១គូរ,ប័ណ្ណសម្គាល់យានយន្ត ០១សន្លឹក,សោររថយន្ត ០១,សោរម៉ូតូ ០១,ម៉ាឡែត ០១,ទល់រវីស ០២,ដង្កាប់ ០១,សោរអូរតូ ០១ ,ដបទឹកសម្រាប់ប្រើប្រាស់គ្រឿងញៀន ០១ ,សំបុត្រកំណើត ០១ ។
ករណីនេះ នៅពេលដែលកម្លាំងសមត្ថកិច្ច កំពុងឡោមព័ទ្ធជុំវិញបរិវេណកន្លែងកើតហេតុ ជនសង្ស័យបានរត់ផ្លោះចូលទៅក្នុងធនាគារ ABA ហើយឡើងទៅជាន់ខាងលើ រួចបើកដំបូលធនាគារ ABA ផ្លោះមកជាន់លើនៃផ្ទះសំណាក់ ចំប៉ីផ្សារលើ វិញ បន្ទាប់មកគេបានចូលទៅសង្ងំលាក់ខ្លួននៅក្នុងធុងទឹក ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕