ភ្នំពេញ ៖ លោក ឡុង ជាប ព្រះរាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការលើជនសង្ស័យ៤នាក់ (ក្រុមឡាយអិន) ពាក់ព័ន្ធករណីរក្សាទុកជួញដូរគ្រឿងញៀនដោយខុសច្បាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ ដើម្បីចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
គួរបញ្ជាក់ថា សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀនដ៏ក្តៅគគុកមួយបានយ៉ាងជោគជ័យ កាលពីម៉ោង២និង២០ចូលថ្ងៃទី១៩ ធ្នូ ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន របស់កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យទី៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហម គន្ធី នាយករងមន្ទីរ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន៤នាក់ ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុត គឺជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់នេះ គឺជាពិធីករទូរទស្សន៍ល្បីម្នាក់ និងដកហូតបានថ្នាំញៀនបានជាង១គីឡូក្រាម ។ ជនសង្ស័យទាំង៤នាក់ ១-ឈ្មោះ ហែម បូរិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជាពិធីករទូរទស្សន៍ (ឌីជេ ឡាយអិន) ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ២-ឈ្មោះ វ៉ា ស្រីណា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ៣-ឈ្មោះ អីុន សាខន ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់ផ្ទះជួលលេខ៦A ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មេក្លោង) និង៤-ឈ្មោះស៊ិន សំភ័ស្ត ភេទប្រុស អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិ៤ សង្កាត់បឹងស្រឡាង ខណ្ឌទួលគោក (ឈ្មោះនេះទើបចេញពីពន្ធនាគារ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន) និងត្រូវជាក្មួយនាយករងមន្ទីរគ្រឿងញៀនម្នាក់ ហើយក៏ជាម្ចាស់អាវុធខ្លី១ដើមនោះផង ។
សេចក្តីរាយការណ៍ខាងលើបន្តថា ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះ សមត្ថកិច្ចបានដកហូតវត្ថុតាងនៅក្នុងបន្ទប់១០៨ មជ្ឍមណ្ឌលកម្សាន្តរ៉ុក រួមមាន ៖ ១-សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់៣៧៤.៣៩ក្រាម ២-សារធាតុញៀនប្រភេទអិុចស្តាស៊ី ចំនួន១៥៦២គ្រាប់ ស្មើនឹងទម្ងន់៦០៩.៣៣ក្រាម (សរុបជាង១គីឡូក្រាម) ៣-អាវុធខ្លី១ដើម (ឡុក) និង៤-ជញ្ជីងថ្លឹងគ្រឿងញៀនធំ១គ្រឿង និងតូច២គ្រឿងផងដែរ ៕
ប្រភព៖ FB