(ភ្នំពេញ) ក្រោយពីធ្វើការងារដ៏ធុញថប់ស្ទើរពេញមួយសប្តាហ៍ ប្រហែលជាដល់ពេលដើរកំសាន្តកាត់បន្ថយស្រ្តេសហើយ ចឹងស្វែងរកកន្លែងរមនាសម្រាប់លំហែរអារម្មណ៍ជាដំណោះស្រាយសមស្របមួយ។
លោកអ្នកអាចទៅកាន់តំបន់ទឹកធ្លាក់ជ្រាវ ស្ថិតក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលស្ថិតនៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មានទេហ្ន។
ទៅស្តាប់សម្លេងទឹកធ្លាក់រណ្តំព្រៃព្រឹក្សា ទៅដេញចាប់មេអំបៅ ទស្សនាទេសភាពតាមផ្លូវព៌ណខៀវស្រងាត់នារដូវរំហើយ ជាចំណូលចិត្តរបស់យើងទាំងអស់គ្នា។
តោះទៅស្តាប់ប្រធានសហគមន៍នៅទីនោះបន្តិច តើតំបន់រមណីយដ្ឋានធម្មជាតិគួរឲ្យចង់សម្រាកលំហែរអារម្មណ៍នេះ មានសភាពដូចម្តេច។
ប្រធានសហគមតំបន់ទេសចរណ៍ជ្រាវ លោក.សាយ ស៊ឺនបានឲ្យដឹងថា នៅក្នុង តំបន់ទឹកជ្រោះជ្រាវ មានសហគមន៍មួយគ្រប់គ្រងបានយ៉ាងត្រឹមត្រូវ និងធ្វើអោយប្រជាពលរដ្ឋនៅក្នុងតំបន់នេះ បានផ្លាស់ប្តូរមុខរបរពីការបរបាញ់សត្វក្នុងព្រៃ ការកាប់ឈើដុតយកធ្យូងលក់ ទៅប្រកបរបរដំាដំណាំ ការរកបន្លែក្នុងព្រៃ និងការធ្វើចំណីអាហារផ្សេងៗលក់ជូនភ្ញៀវទេសចរទៅទស្សនា។
លោកក៏បានលើកទឹកចិត្តដល់អ្នកមកកំសាន្តថា ការមកកំសាន្តនៅទឹកជ្រោះនេះ មិនត្រឹមតែបំរើឲ្យការកំសាន្តអារម្មណ៍នោះទេ តែភ្ញៀវក៏បានចូលរួមអភិវឌ្ឍ និងការអភិរក្សតំបន់ជ្រោះធម្មជាតិ ការអភិរក្សសត្វព្រៃ និងតំបន់ព្រៃដ៏ស្រស់ស្អាត់ជាដើម។
ជ្រោះជ្រាវនៅក្នុងអំឡុងថ្ងៃឈប់សំរាក ជាមធ្យមមានភ្ញៀវទេសចរទៅទស្សនាមានប្រមាណពី៨០០ទៅ១០០០នាក់ ហើយក្នុងមួយខែៗគឺមានភ្ញៀវទៅទស្សនាប្រមាណ៨០០០នាក់។
បច្ចុប្បន្ននៅទៅទូទាំងប្រទេស មានសហគមន៍ទេសចរណ៍ដែលគ្រប់គ្រងដោយប្រជាពលរដ្ឋសរុបចំនួនជាង២០០០សហគមន៍ ក្នុងនោះមានសហគមមួយចំនួនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន សហគមន៍ខ្លះទៀតស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ចំណែកក្រសួងទេសចរណ៍ផ្ទាល់គឺមានរមណីយដ្ឋានទេសចរណ៍សរុបជិត៤០០កន្លែង និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ប្រមាណ៥៦កន្លែង។
ចឹងកំសាន្តលេងនៅរមណីយដ្ឋានជ្រាវសិន ក្នុងសប្តាហ៍នេះ ហើយសប្តាហ៍ក្រោយយើងនឹងនាំលោក អ្នកបន្ឋូរអារម្មណ៍ជាមួយរមណីយដ្ឋាន និងកន្លែងកំសាន្តផ្សេងៗទៀត ដើម្បីលំហែរអារម្មណ៍៕