(ព្រះសីហនុ) រដ្ឋបាលខេត្ត ព្រះសីហនុ សហការជាមួយមន្ទីរទេសចរណ៍ខេត្ត បានត្រៀមតង់សម្រាប់ គេងប្រមាណ ៣០០ ឈុតទុកសម្រាប់ជួលឱ្យភ្ញៀវទេសចរ ទាំងឡាយដែលទៅលេងកម្សាន្ត ក្នុងឱកាស បុណ្យឆ្លងឆ្នាំសកល ២០១៨-២០១៩ ខាងមុខ ដោយមិនចាំបាច់ព្រួយបារម្ភ ពីកន្លែងស្នាក់ នៅនោះឡើយ ។
រដ្ឋបាលខេត្ត និង មន្ទីរទេសចរណ៍ខេត្ត ព្រះសីហនុ បានបញ្ជាក់ថា «នាឱកាសបុណ្យចូលឆ្នាំសកល ២០១៩ នេះ មន្ទីរទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ នឹងដាក់ជួលតង់ចំនួន ៣០០ តង់ ដើម្បីឱ្យភ្ញៀវទេសចរបានកម្សាន្ត និង សម្រាក» ។ កន្លែងផ្ដល់សេវាជួលតង់សម្រាប់គេងនេះ គឺនៅឆ្នេរអូឈើទាល (អតីតអារីស្តុន) ក្រុងព្រះសីហនុ ។
លើសពីនេះទៀត រដ្ឋបាលខេត្តព្រះសីហនុ ក៏បានរៀបចំភ្លើងបំភ្លឺពេលរាត្រី រៀបចំឱ្យមានបន្ទប់ទឹកស្អាត និង បង្គន់ចល័តចំនួន ៤០ កន្លែង ព្រមទាំងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់សម្រាប់ភ្ញៀវជាតិ និង អន្តរជាតិ នៅក្នុងតំបន់បោះតង់នោះផងដែរ ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១២ ៦២៥ ៥៦៧ ៕ប្រភពប្រជាប្រិយ