(ភ្នំពេញ) នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បើកប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ស្នើដល់ព្រះសង្ឃនូវទូទាំងប្រទេស ប្រើប្រាស់បច្ចេកវិទ្យាឲ្យបានត្រឹមត្រូវ តាមវិន័យរបស់ខ្លួន ខណៈអញ្ជើញជា ព្រះរាជតំណាងដ៏ខ្ពស់ខ្ពស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមនី ព្រះមហាសក្សត្រនៃព្រះរាជាណាចក្រកម្ពជាចូលរួមបើថ្លែងអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៧ នៅសាលសន្និសិទចតុមុខ ដែលមានការយាង ពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈនិងមន្ត្រីសង្ឃមកពីទូទាំងប្រទេស។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ វិស័យព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជាបាននឹងកំពុងរីកចម្រើនគ្រប់វិស័យ និងមានមហាសាមគ្គីធម៌ដ៏ល្អប្រសើររបស់ព្រះសង្ឃទាំងពីរគណៈ និងពុទ្ធ សាសនិកជនរួមសាមគ្គីគ្នាល្អ ក្រោមព្រះរាជកិច្ចដឹកនាំ របស់សម្ដេចព្រះមហាសង្ឃរាជ និងសម្តេចព្រះសង្ឃ នាយកទាំងពីរគណៈ និងការគោរពសិទ្ធិសេរីភាពគ្នា ទៅវិញទៅមករវាងព្រះពុទ្ធសាសនា និងសាសនា ដទៃៗទៀត ។
សម្តេចបន្តថា ទន្ទឹមនឹងការរីកចំរើនក៏នៅមាន បញ្ហាមួយចំនួនដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីជៀស វាងនូវបាតុភាពផ្សេងៗ ដែលជះឥទ្ធិពលមិនល្អដល់ សង្គមជាតិ និងសាសនា ពិសេសព្រះពុទ្ធសាសនា ដែលជាកម្លាំងដឹកនាំចរិយាធម៌ក្នុងសង្គម។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងទៀតថាបច្ចុប្បន្ននេះ ជាសម័យបច្ចេកវិទ្យាទំនើប ម្ល៉ោះ ហើយវិស័យពុទ្ធសាសនា ចាំបាច់ត្រូវយល់ឱ្យច្បាស់ ស្គាល់កាលៈទេសៈឱ្យច្បាស់ ហើយចេះប្រើប្រាស់ឱ្យស្របតាមបរិការណ៍ នៃការរីកចម្រើនក្នុងវិស័យ បច្ចេកវិទ្យាមួយនេះ។ បើយើងចេះទាញប្រយោជន៍ពី សម័យវិទ្យាសាស្រ្តមួយនេះ នោះនឹងនាំប្រយោជន៍ ដល់មូលដ្ឋានគ្រឹះរបស់ព្រះពុទ្ធសាសនា បើផ្ទុយពីនេះវិញ វានឹងនាំផលវិបាកដល់វិស័យព្រះពុទ្ធសាសនាផង និងសង្គមជាតិទាំងមូលផង។
សម្តេចសង្ឃឹមថា សមាជិកានៃអង្គមហាសន្និបាត ទាំងអស់ នឹងចូលរួមសហការគ្នាពិភាក្សា ចែករំលែក ផ្លាស់ប្តូរយោបល់ ផ្តល់ចំណេះដឹង បទពិសោធន៍ របកគំហើញ និងចក្ខុវិស័យ រកឱ្យឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីឱ្យអនុសំវច្ឆរៈមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៧នេះ សម្រេច បាននូវគម្រោងផែនការ និងគោលការណ៍រួម សមតាម គោលបំណងនិងសំណូមពរ ដែលមហាសន្និបាត ចង់បាន ទៅតាមប្រធានបទដែលបានកំណត់ ក្នុង ទិសដៅពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង និងដឹកនាំ ព្រះសង្ឃ ការងារគ្រប់គ្រងវត្តអារាម ការងារពុទ្ធិក សិក្សា ការងារផ្សព្វផ្សាយព្រះធម៌ព្រះវិន័យ ក៏ដូចជា ការចូលរួមចំណែកអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។
ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាបានឪ្យ ដឹងថាអនុសំ វច្ឆរមហា សន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៧ដែលបានប្រារព្ធធ្វើនាឆ្នាំនេះនឹងប្រព្រឹត្តទៅមានរយះពេល០២ថ្ងៃគឺចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ខែធ្នូឆ្នាំ២០១៨ដើម្បីបូកសរុបសកម្មភាពនិងពិនិត្យមើលលទ្ធផលនៃការអនុវត្តសង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃកាលពីឆ្នាំកន្លងទៅ ដោយមានកិច្ចពិភាក្សា និង ផ្លាស់ប្តូរយោបល់លើការងារព្រះពុទ្ធសាសនានាពេលបច្ចុប្បន្ននិងលើកទិសដៅសំរាប់អនុវត្តនាឆ្នាំបន្តសំដៅពង្រឹងការអនុវត្តរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងនិងរាល់លិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ធ្វើអោយវិស័យព្រះពុទ្ធសាសនាមានការរីកចំរើនសក្តិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទនិងពង្រឹងគុណភាពពុទ្ធិកសិក្សាដើម្បីអភិវឌ្ឍធនធានបុព្វជិតអោយកាន់តែមានភាពសុក្រិត្យនិងគុណភាពខ្ពស់សំដៅធ្វើយ៉ាងណាអោយវិស័យព្រះពុទ្ធសាសនាមានការរីកចំរើនសក្តិសមជាទីគោរពបូជារបស់ព្រះពុទ្ធបរិស័ទ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានអោយដឹងទៀតថាចំពោះវិស័យពុទ្ធិកសិក្សាបានបណ្តុះបណ្តាលព្រះសង្ឃតាំងពីថ្នាក់ធម្មវិន័យថ្នាក់ពុទ្ធិកបឋមសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សានិងថ្នាក់ក្រោយឧត្តមសិក្សា។ក្រៅពីការយកចិត្តទុកដាក់ខ្ពស់លើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋវិស័យពាហិរសាសនាក៌ត្រូវបានយកចិត្តទុកដាក់ផងដែរ ពោលគឺក្រសួងបានបំពេញភារ កិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើអោយមាន សុខដុមនីយកម្មវិស័យសាសនាបង្កលក្ខណះអោយប្រជាជនមានសេរីភាពពេញលេញខាងជំនឿសាសនាដូចមានចែងក្ន្ងងរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា៕
រូបភាព រដ្ឋសភា