នាថ្ងៃអង្គារ ១១កើត ខែមិគ្គសិរ ឆ្នាំច សំរិទ្ទិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០១៨ សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី«មេរៀន និងផ្ទាំងរូបភាពអប់រំស្តីពីការប្រែប្រួលអាកាសធាតុ» ដែលរៀបចំដោយ នាយកដ្ឋានអប់រំបរិស្ថាន សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡាដោយមានកសរចូលរួមពី ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោក រាត់ ស៉ិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និង មានការចូលរួមពីប្រធានមន្ទីរអប់រំ មន្ទីរបរិស្ថាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យកំពង់ធំជាច្រើន។
សិក្ខាសាលានេះមានគោលបំណងបណ្តុះបណ្តាលគ្រូបង្គោល ដើម្បីបញ្រ្ជាបវិធានការបន្ស៊ាំ កាត់បន្ថយនិងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ក្នុងវិស័យកសិកម្ម ធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមរយៈការចងក្រងជាមេរៀនប្រែប្រួលអាកាសធាតុដើម្បីដាក់បញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី៧, ៨,៩ នៃក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តម ហួន វ៉ាន់និត អធិបតីបានឱ្យដឹងថាការប្រែប្រួលអាកាសធាតុជាប្រធានបទរួម និងបញ្ហាបរិស្ថាន គឺជាការទទួលខុសត្រូវ និងចូលរួមចំណែកទាំងអស់គ្នា ក្នុងកិច្ចគាំពារ និងការពារ ថែរក្សាបរិស្ថាន ជីវៈចម្រុះ ដើម្បីបរិស្ថានសាលាបានស្អាត មានភាពមេត្រីភាពបរិស្ថាន និងបរិយាកាសល្អបៃតង ខ្យល់ អាកាសបរិសុទ្ធ ដល់ការសិក្សារបស់កុមារ សិស្សានុសិស្ស។
ឯកឧត្តម បន្ថែមថាសាលាត្រូវមានបរិស្ថានស្អាត និងត្រូវគិតគូ ដឹកនាំសិស្ស ធ្វើអនាម័យសាលាដោយចាប់ផ្តើមពីបន្ទប់ទឹក អនាម័យជាជំហានដំបូងមុនគេ និង ការដាំដុះរុក្ខជាតិ សួនជីវៈចម្រុះ។ ក្នុងឱកាសនោះ លោក រាត់ ស៊ិទ្ធ អគ្គនាយករងក្រសួងបរិស្ថាន បានលើកទឹកចិត្ត ដល់លោកគ្រូ អ្នកគ្រូ ត្រូវគិតគូរពីការអនុវត្តសាលាមេត្រីភាពបរិស្ថាន និង ការប្រែប្រួលអាកាសធាតុ និង បង្រៀនបន្តដល់សិស្សានុសិស្ស ៕