(ភ្នំពេញ) កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាល និងចែកជូនអំណោយជាស្បៀង និងសម្ភារៈ កាកបាទក្រហមកម្ពុជា ជូនដល់កម្មករ-កម្មការិនី ក្រុមហ៊ុនស៊ីនទ្រី និងកម្មករ-កម្មការិនី សាធារណការក្រុង ចំនួន ២ ២៦៥នាក់ ជាការលើកទឹកចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែង បោសសំអាត អានាម័យ ទីក្រុងភ្នំពេញ ឲ្យរក្សាបាននូវសោភ័ណ្ឌភាព និងអនាម័យល្អ នាឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកកន្លងទៅថ្មីៗនេះ ។
ពិធីប្រគល់អំណោយ ដល់កម្មករ កម្មការិនី ក្រុមហ៊ុន ស៊ីនទ្រី និងបុគ្គលិក មន្ទីរសាធារណការនេះ ធ្វើឡើង ក្រោមវត្តមាន លោកជំទាវ ឃួន សុដារី អនុប្រធាន កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធាន កាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង ប្រធានកិត្តិយស កាកបាទក្រហមរាជធានី និងជាអភិបាល រាជធានីភ្នំពេញ ព្រមទាំង ប្រធានកាកបាទក្រហម រាជធានីភ្នំពេញ ឯកឧត្តម មាន ចាន់យ៉ាដា និងថ្នាក់ដឹកនាំ ក្រុមហ៊ុនស៊ីនទ្រី និងកម្មករ-កម្មការិនី ជាង២ពាន់នាក់ ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “ចំពោះបញ្ហាអនាម័យ បរិស្ថាន ក្នុងឱកាស ព្រះរាជពិធីបុណ្យអំទូកនេះ បរិមាណសំរាម ប្រមូលបាន មានចំនួន រហូតទៅដល់ ៨ ៨២១តោន ស្មើនឹង៣២% បើធៀបទៅនឹងឆ្នាំ២០១៧កន្លងមកនេះ ក្នុងនោះ ការគ្រប់គ្រងសំរាមនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំចាត់ចែង កម្លាំងបុគ្គលិក កម្មករគ្រប់ផ្នែក សរុបចំនួន ២ ២៦៥នាក់ ដើម្បីធ្វើការប្រមូល ការវិចខ្ចប់ ដឹកជញ្ជូនសម្រាម មានសំអាតផ្លូវ កម្រាថ្មម៉ាត់ និងថែទាំសួនច្បារ ក្រោយពេលបញ្ចប់ពិធី ជារៀងរាលថ្ងៃ ហើយការងារនេះ អាជ្ញាធរមូលដ្ឋាន និងបងប្អូន កម្មករ-កម្មការិនី បានលះបង់ពេល សម្រាកពេលយប់ ដើម្បីបំពេញការងារ បានទាន់ពេលវេលា ធ្វើឲ្យបញ្ហាអនាម័យ បរិស្ថាន មានភាពល្អប្រសើរ ជាបណ្តាឆ្នាំកន្លងមក និងទទួលបានកាគាំទ្រ និងលើកទឹកចិត្ត ពីសំណាក់បងប្អូន ប្រជាពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋាន” ។
ឯកឧត្តមបន្តថា “ដើម្បីជាការលើកទឹក ដល់ការខិតខំប្រឹងប្រែង របស់បងប្អូនកម្មករ អនាម័យបរិស្ថាន និងមន្ទីរសាធារណការ នៅថ្ងៃនេះ កាកបាទក្រហម ថ្នាក់កណ្តាល បានផ្តល់អំណោយ មនុស្សធម៌ ដើម្បីចែកជូនបងប្អូន កម្មករ-កម្មការិនី ដែលអញ្ជើញមក ពីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ចំនួន ៤៥៩នាក់ និងក្រុមហ៊ុន ស៊ីនទ្រី ចំនួន ១៨០៦នាក់ សរុបមានចំនួន ២២៦៥នាក់” ។
ឯកឧត្តម ឃួង ស្រេង បន្ថែមថា “តាមរយៈអំណោយដ៏ថ្លៃថ្លានេះ អាចជួយសម្រួល ដល់ការរស់នៅរបស់បងប្អូន កម្មករ-កម្មការិនី បានមួយកំរិត និងជាការលើកទឹកចិត្ត ដ៏ធំធេង ដល់បងប្អូន បុគ្គលិកកម្មករ អនាម័យបរិស្ថាន និងមន្ទីរសាធារណការ ខិតខំបំពេញការងារ ឲ្យកាន់តែខ្លាំងក្លា បន្ថែមទៀត ដើម្បីលើកកម្ពស់ សោភ័ណ្ឌភាព រាជធានីភ្នំពេញរបស់យើង ឲ្យកាន់តែស្រស់បំព្រង គួរជាទីរស់នៅ ប្រកបដោយ សុខដុមរមនា” ។
ជាមួយគ្នានេះ លោកជំទាវ ឃួន សុដារី អនុប្រធាន កាកបាតក្រហមកម្ពុជា បានលើកឡើងថា “ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមពាំនាំ នូវបណ្តាំសាកសួសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនជំពោះបងប្អូនកម្មករ កម្មការិនីយើងទាំងអស់ ដែលបំពេញមុខតួនាទី អនាម័យ បរិស្ថាន សម្រាប់រាជធានីភ្នំពេញ ដែលថ្នាក់ដឹកនាំ នៅខ្វល់ខ្វាយ នឹករលឹក ដល់ប្អូនកម្មករ កម្មការិនី ក៏ដូចជាឱកាសបានជួបមុខ ថ្នាក់ដឹកនាំ របស់រាជធានីភ្នំពេញដែរ” ។ លោកស្រី បានបន្ថែមថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំផ្ញើ នូវសេចក្តីនឹករលឹក ការអាណិតស្រលាញ់ ជាមួយនឹងមនោសច្ចេតនា ស្រលាញ់រាប់អានបងប្អូន កម្មករកម្មការិនី ក៏ដូចជាថ្នាក់ដឹកនាំ រាជធានីភ្នំពេញផងដែរ។
គួរបញ្ជាក់ថា កម្មករ-កម្មការិនីអនាម័យ និងបរិស្ថាន ចំនួន ២,២៦៥នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, មុង១, ភួយ១, សារុង១, ក្រមា១ អាវយឺត១, នំប៉័ង១ដើម, ទឹកសុទ្ធ១ដប និងថវិកា ១០០,០០០រៀល ៕