(ភ្នំពេញ) មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានចាត់ បញ្ចូលជាក្រុមប្រទេសឯតទគ្គករកំណើន មួយក្នុងចំណោមប្រទេសនានាលើពិភពលោក ដែលមានកំណើន សេដ្ឋកិច្ចខ្ពស់និងរឹងមាំ ដោយកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧%ក្នុងមួយឆ្នាំ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឯកឧត្តមបណ្ឌិត ជូ វិជិត្ត បានថ្លែងក្នុងពិធីបើក សិក្ខាសាលា លើកកម្ពស់ការយល់ដឹងស្តីពី វប្បធម៌សារពើពន្ធ ដល់វិស័យយុត្តិធម៌ នៅទីស្តីការក្រសួង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះថា សេដ្ឋកិច្ចកម្ពុជាបានឈានដល់ដំណាក់កាលនៃបរិការណ៍អភិវឌ្ឍន៍ថ្មីមួយ គឺការឈាន ឆ្ពោះទៅសម្រេចឱ្យបាន ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងបោះ ជំហានទៅមុខក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលបរិការណ៍នៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល នៃចំណូលសារពើពន្ធនេះ រួមមានចំណូល ពន្ធដារ និងពន្ធគយ បាននិងកំពុងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា និងកាត់បន្ថយភាពក្រីក្រ យ៉ាងឆាប់រហ័ស។
ឯកឧត្តមបន្តថា “ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសារពើពន្ធ គឺតម្រូវឱ្យមានការចូលរួមជាអន្តរសកម្មរវាងតួអង្គពាក់ព័ន្ធ ដោយត្រូវបង្កើនការចូលរួមគោរព និងអនុវត្តលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធវិស័យសារពើពន្ធ”។ ឯកឧត្តមបន្ថែមថា “មន្រ្តីពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ត្រីរាជការសាធារណៈ, ក្រុមហ៊ុន, សាធារណជនទូទៅ, អង្គការសង្គមស៊ីវិល, មេធាវី, សារការី ត្រូវចូលរួមគោរពបទប្បញ្ញត្តិគតិយុត្តជាធរមាន និងត្រូវតាមដានវឌ្ឍនភាពជាប្រចាំនូវលិខិតបទដ្ឋានគតិយុត្តដែលបានដាក់ចេញ ដើម្បីជៀសវាងនូវកង្វះខាតនៃការអនុវត្ត”។
ចំណែកការបង់ពន្ធជូនរដ្ឋ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលអ្នកជាប់ពន្ធទាំងអស់ ត្រូវចូលរួម បំពេញកាតព្វកិច្ចពន្ធដោយស្ម័គ្រចិត្ត និងសម្តែងនូវភាពពេញចិត្តនឹងការបង់ពន្ធ ពោលគឺក្នុង ទិសដៅ ទប់ស្កាត់ និងលុបបំបាត់ការគេចវេះពន្ធ ការលួចបន្លំតាមគ្រប់រូបភាព ដើម្បីធានាបាននូវបរិយាកាសធុរកិច្ច និងការប្រកួតប្រជែងដោយស្មើភាពគ្នាចំពោះគ្រប់ធុរជន ក្នុងគោលដៅប្រមូលចំណូលពន្ធ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។
លោក ជូ វិជិត្ត បានបន្តថា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធ នឹងវិស័យសារពើពន្ធ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនឆន្ទៈ ការប្តេជ្ញា ភាពជាម្ចាស់ និងការទទួលខុសត្រូវនៅគ្រប់កម្រិតចំពោះការកែទម្រង់ ដែលជាកត្តាសំខាន់ និងចាំបាច់ សម្រាប់ការអនុវត្តទិសដៅយុទ្ធសាស្ត្រ នៃការងារកែទម្រង់នយោបាយសារពើពន្ធនេះ ប្រកបដោយភាពជោគជ័យ ក្នុងនោះមន្ត្រីសារពើពន្ធគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងភាពជាអ្នកដឹកនាំ និងត្រូវបង្កើតនូវបរិយាកាសល្អ ក្នុងការងារផ្តល់កិច្ចសហការ ជាមួយនឹងអ្នកជាប់ពន្ធជាអតិបរមា និងអ្នកជាប់ពន្ធត្រូវផ្តល់កិច្ចសហការដូចគ្នាផងដែរ ពោលគឺត្រូវប្រកាន់គោលការណ៍តម្លាភាព និងស្មោះត្រង់៕ប្រភពproperty