ស្របពេលដែលការអភិវឌ្ឍអចលនទ្រព្យកាន់តែមានកំណើនខ្លាំងនៅក្នុងរាជធានីភ្នំពេញ មជ្ឈមណ្ឌល សេដ្ឋកិច្ចសំខាន់ផ្សេងទៀតដូចជា៖ ខេត្តព្រះសីហនុ និងខេត្តសៀមរាបក៏មើលឃើញ ថាមានកំណើនឡើង នៃគម្រោងអចលនទ្រព្យជាច្រើនដែលមានទាំងសំណង់សាងសង់ជិតរួចរាល់និងស្ថិតនៅក្នុងផែនការសាងសង់ជាដើម។
ជាទូទៅគេមើលឃើញថាប្រជាជនជាច្រើននៅទូទាំងប្រទេសបានទិញអចលនទ្រព្យសម្រាប់គោលបំណងពីរបែបគឺទិញសម្រាប់ការវិនិយោគនៅពេលអនាគត និងទិញសម្រាប់ធ្វើជាលំនៅដ្ឋាន សមរម្យមួយ សម្រាប់ការរស់នៅរបស់ពួកគាត់។
តំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុត្រូវបានគេចាត់ទុកជាតំបន់សំខាន់មួយនៅក្នុងរយៈពេលចុងក្រោយនេះ ក្នុងនោះគេឃើញមានគម្រោងសាងសង់ជាច្រើនក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិនដូចជា៖ កាស៊ីណូ និងសណ្ឋាគារ ដែលបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សជាមួយនឹងអគារខ្ពស់ៗនៅក្នុងទីក្រុងតំបន់ឆ្នេរនេះ។
ទោះជាយ៉ាងណាយោងតាមការស្ទង់មតិប្រចាំឆ្នាំរបស់ក្រុមហ៊ុន Realestate.com.kh បានបង្ហាញថា រាជធានី ភ្នំពេញនៅតែជាទីតាំងដែលមានគេចង់បានច្រើនជាងគេសម្រាប់តម្រូវការអចលនទ្រព្យ។ ការស្ទង់មតិឆ្នាំនេះដែលមានអ្នកផ្តល់ចម្លើយជាង ២,០០០ នាក់ ដែលត្រូវបានសួរឲ្យដាក់ចំណាត់ថ្នាក់ឲ្យខេត្ត និងក្រុងដែលពួកគេទំនងជានឹងទិញអចលនទ្រព្យ។
គួរឱ្យភ្ញាក់ផ្អើល មាន ៧៥ ភាគរយ បាននិយាយថាពួកគេនឹងរកទិញ អចលនទ្រព្យនៅកន្លែងណាមួយ នៅក្នុងរាជធានី។ ប៉ុន្ដែគួរឱ្យចាប់ អារម្មណ៍ផងដែរតម្រូវការអចលនទ្រព្យបានកើនឡើងក្នុងក្រុងព្រះសីហនុ សម្រាប់ឆ្នាំនេះ ដែលមានចំនួន ខ្ពស់ជាងឆ្នាំកន្លងទៅ មាន៩ភាគរយបានបង្ហាញថា ពួកគេចាប់អារម្មណ៍ ទិញអចលនទ្រព្យនៅក្រុង ព្រះសីហនុ បើធៀបទៅឆ្នាំមុនមាន៨ភាគរយ។
លើសពីនេះទៀតតម្រូវការសម្រាប់តំបន់ទេសចរណ៍សំខាន់នៃខេត្តសៀមរាបរបស់ប្រទេសកម្ពុជាបានទាក់ទាញអ្នកទិញអចលនទ្រព្យបាន៥ភាគរយនៃអ្នកដែលបានចូលរួមក្នុងការស្ទង់មតិ។ តម្រូវការសម្រាប់ទីក្រុងដែលមានប្រាសាទអង្គរវត្តបានធ្លាក់ចុះកាលបើធៀបនឹងរបាយការណ៍ឆ្នាំមុន។
ពិនិត្យឲ្យស៊ីជម្រៅសម្រាប់ទិន្នន័យក្នុងរាជធានីភ្នំពេញគេមើលឃើញថាសែនសុខគឺជាខណ្ឌដែលមានតម្រូវការអចលនទ្រព្យច្រើនជាងគេ។ ក្នុងនោះ១៤ភាគរយនៃអ្នកដែលកំពុងស្វែងរក អចលនទ្រព្យនៅ ក្នុងរដ្ឋធានីភ្នំពេញចង់ទិញក្នុងខណ្ឌសែនសុខ។ ចំនួននេះបានកើន៤ភាគរយធៀបនឹងឆ្នាំមុន។ ខណ្ឌមួយ ទៀតដែលឃើញមានតម្រូវការកើនឡើងខ្ពស់ដែរគឺខណ្ឌ ពោធិ៍សែនជ័យដែលមានជាង៩ភាគរយ នៃអ្នក ទិញដែលចង់ស្វែងរកអចលនទ្រព្យនៅទីនោះ។
លោក Tom O’Sullivan ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បានអះអាងថាដោយសារ ៧៥ភាគរយនៃប្រជាជនកម្ពុជានៅតែរស់នៅទីជនបទដូច្នេះរាជធានីភ្នំពេញជាទួទៅ គឺជាជម្រើសដំបូងរបស់ពួកគេនៅពេលដែលពួកគេស្វែងរកឱកាសការងារ ឬធ្វើអាជីវកម្មផ្សេងៗ។
លោក O’Sullivan បានបន្ថែមថា ទីបំផុតអ្នកដែលអាចមានលទ្ធភាពរស់នៅក្នុងទីក្រុង ពួកគាត់ នឹងទិញអចលនទ្រព្យមួយនៅក្នុងទីក្រុង។ លោកបានបន្តទៀតថាវិនិយោគិន និងអ្នកទិញផ្ទះជាច្រើន កំពុងចាប់ផ្តើមសំឡឹងទៅកាន់តំបន់លើឆ្នេរសមុទ្រដូចជាខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលស្ថិតនៅប៉ែកភាគពាយព្យរបស់កម្ពុជា។
លោកបានបញ្ជាក់ដែរថា “អចលនទ្រព្យជាច្រើននៅក្នុងទីតាំងទាំងពីរនេះកំពុងមើលឃើញពី ការកើនឡើងនៃតម្លៃដែលមិនធ្លាប់មានពីមុនមក” ។
អ្នកនាង អាន សុធីតា ជានាយិការក្រុមហ៊ុន CBRE ប្រចាំនៅកម្ពុជា បាននិយាយថា បច្ចុប្បន្នរាជធានី ភ្នំពេញដែលជាកន្លែងផ្តល់ជូននូវសេវាកម្មទូលំទូលាយ និងឱកាសការងារច្រើនបំផុត។
អ្នកនាងបានបង្ហាញនូវជំនឿថាទាំងអ្នកទិញក្នុងស្រុក និងបរទេសតែងតែផ្តល់អាទិភាពដល់ការទទួលបានទីផ្សារការងារ និងភាពងាយស្រួលនៃការដឹកជញ្ជូន និងការធ្វើដំណើរនៅពេលពួកគេចូល ទៅធ្វើការ ឬរស់នៅក្នុងទីក្រុង។
ទោះជាយ៉ាងណា អ្នកនាង សុធីតា និយាយថា «ក្រុងព្រះសីហនុបានក្លាយជាតំបន់ដែលមានប្រជាប្រិយភាពបំផុតទីពីរសម្រាប់អ្នកទិញផ្ទះ វិនិយោគិន និងអ្នកអភិវឌ្ឍន៍ទាំងក្នុងស្រុក និងអន្តរជាតិ»។
ជនជាតិខ្មែរនៅតែជាអ្នកទិញអចលនទ្រព្យដ៏ខ្លាំងក្លា និងច្រើនជាងគេនៅក្នុងប្រទេស ហើយអតិថិជនដែលជាជនបរទេសគឺភាគច្រើនមកពីតំបន់អាស៊ីដូចជាប្រទេសចិន ប្រទេសវៀតណាម ប្រទេសកូរ៉េ ប្រទេសថៃ សិង្ហបុរី និងតៃវ៉ាន់។ លើសពីនេះទៀតការចាប់អារម្មណ៍ពីជនជាតិអឺរ៉ុបកំពុងកើនឡើង។
ក្រៅពីទីតាំងសំខាន់ទាំងបីនេះ ទីផ្សារបន្ទាប់គឺមានដូចជាខេត្តកំពត កែប ក្រុងប៉ោយប៉ែត បាត់ដំបង និងកំពង់ចាម ដែលត្រូវបានគេមើលឃើញថាមានតម្រូវការកើនឡើង។ តាមការស្ទង់មតិឆ្នាំនេះបានបង្ហាញថា១១ភាគរយនៃអ្នកស្វែងរកអចលនទ្រព្យបានសម្លឹងមើលការទីតាំងផ្សេងក្រៅពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ឬសៀមរាប។
អ្នកនាង សុធីតា បាននិយាយថាខេត្តនីមួយៗមានសក្តានុពលគួរឱ្យចាប់អារម្មណ៍របស់ខ្លួន ហើយផ្តល់ជូននូវលក្ខខណ្ឌផ្សេងៗគ្នាសម្រាប់អ្នកទិញ។
លោក តេង រិទ្ធី ដែលជាស្ថាបនិក និងជានាយកនៃក្រុមហ៊ុន Property Investment Realty Partner បានព្យាករថានិន្នាការថ្មីនៃការទិញផ្ទះនឹងមិននៅតែក្នុងទីក្រុងភ្នំពេញទៀតនោះទេ។ លោកបានអះអាងថាខេត្តផ្សេងៗទៀតនឹងមានកំណើននៃអ្នកទិញលំនៅដ្ឋាននៅតាមបណ្តាខេត្តនឹងមានកាន់តែច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
លោកបានពន្យល់ថាគ្រួសារវ័យក្មេងជាច្រើនដែលចង់ទិញផ្ទះពួកគេនឹងជ្រើសរើសយកទីតាំងនៅក្នុងខេត្តរបស់ពួកគេជាជាងការផ្លាស់ប្តូរទៅកាន់រាជធានីភ្នំពេញ។
ផ្ទះដែលមានតម្លៃសមរម្យ និងមានលក្ខណៈសមស្របគឺជាទីផ្សារដ៏ធំនៅតាមបណ្តាខេត្តនានាដែលនឹងមានតម្រូវដ៏ច្រើនសម្រាប់អ្នកដែលមានជីវភាពមធ្យមនៅកម្ពុជា៕ប្រភព Property