ភ្នំពេញ៖ឯកឧត្តម ទៀ សីហា ដែលគេស្គាល់ថាជាកូនប្រុសបង្កើតរបស់សម្តេចសេនាពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាល ខេត្តសៀមរាប ជំនួស ឯកឧត្តម ឃឹម ប៊ុនសុង។
យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ត្រូវបានត្រាស់បង្គាប់ តែងតាំងលោក ទៀ សីហា ឋានន្តរស័ក្តឧត្តមមន្ត្រីថ្នាក់លេខ៣ ជាអភិបាលខេត្តសៀមរាប។ ការត្រាស់បង្គាប់តែងតាំងនេះ គឺធ្វើឡើង តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។
ឯកឧត្តម ទៀ សីហា ពីមុនជាអភិបាលរងខេត្តសៀមរាបនោះស្រាប់ ដែលមុនក្លាយជាអភិបាលរងខេត្តសៀមរាប ឯកឧត្តមគឺជានាយទាហានជាន់ខ្ពស់នៅក្រសួងការពារជាតិ ដែលមានឋានន្តរស័ក្តឧត្តមសេនីយ៍ទោ។
ឯកឧត្តម ទៀ សីហា គឺជាមន្ត្រីវ័យក្មេងមួយរូប បានក្លាយជាអភិបាលខេត្តសៀមរាប ដែលគេបានស្គាល់ច្បាស់ ថា គឺជាកូនប្រុសបង្កើតរបស់សម្តេចសេនាពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រ ធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល ចុះជួយខេត្តសៀមរាប។
បើមិនមានការប្រែប្រួល អភិបាលខេត្តថ្មីរូបនេះ នឹងត្រូវប្រកាសចូលកាន់តំណែង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ៕