ខួបលើកទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ« រួមគ្នារក្សាសន្តិភាព ដើម្បីលើកកំពស់សិទ្ធិមនុស្ស»

0
627

(ភ្នំពេញ) សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីសំណាក់សមាជិក សមាជិកាព្រឹទ្ធសភា-រដ្ឋសភា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ តំណាងសហគមន៍ តំណាងអង្គការជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ សិស្ស និស្សិតប្រមាណជាង៣៥០០នាក់ នៅព្រឹកថ្ងៃទី១០ ធ្នូ ២០១៨នេះបានប្រារព្វពិធីអបអរសារទរខួបទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ក្រោមប្រធានបទ រួមគ្នារក្សាសន្តិភាព ដើម្បីលើកកំពស់សិទ្ធិមនុស្ស នៅ សាលមហាស្របកោះពេជ្រនៃមជ្ឈមណ្ឌលសន្តិបាតនិងពិព័ណ៍កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់អោយដឹងថា ពិធីនេះបានធ្វើអោយអាជ្ញាធររាជធានីភ្នំពេញ នឹងចូលការគោរពសិទ្ធិមនុស្ស កាន់តែល្អប្រសើរខ្លាំង ដើម្បីគោលការប្រយោជន៍ជាតិ ។លោកបន្តថា រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តខ្ពស់ដល់គ្រប់អង្គការ សមាគមន៍នានាដែលបានចុះបញ្ជីត្រឹមត្រូវ ដោយអាចធ្វើសកម្មស្របច្បាប់ ដោយពុំចាំបាច់ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានក្នុងរយៈពេល៣ថ្ងៃមុនពេលធ្វើសកម្មភាពដូចពេលមុនឡើយ ។លើសពីនេះទៀត បើយើងក្រលែកមើលទៅលើប្រព័ន្ធផ្សព្វផ្សាយដូចជាបណ្តាញសង្គមនានា ចំនួនអ្នកប្រើប្រាស់បានកើនឡើងជាង៣០០ដង ពីឆ្នាំ២០០៨ ដល់ពីឆ្នាំ២០១៧ ដែលអាចអោយប្រជាពលរដ្ឋខ្មែរ អាចទទួលព័ត៌មានគ្រប់ច្រកល្ហក គ្រប់ពេលវេលានិងគ្រប់ទីកន្លែង។សម្រាប់រាជធានីភ្នំពេញ ក្នុងនាមជារដ្ឋបាលថ្នាក់ក្រោមជាតិ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានអនុវត្ត ដោយយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់នូវរាល់គោលការណ័ចាត់តាំងអនុវត្តច្បាប់ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជានិងលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការថែរក្សាសិទ្ធិមនុស្ស ឈានទៅរកការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់គ្រោមជាតិយ៉ាងពិតប្រាកដ ។ លើសពីនេះរដ្ឋបាលរាជធានីភ្នំពេញបានប្រកាន់នូវគោលការណ៍សិទ្ធិមនុស្សនិងសេរីភាពសាធារណៈរបស់ប្រជាពលរដ្ឋពិសេសសិទ្ធិក្នុងការសម្តែងមតិ ការប្រមូលផកតុំតវ៉ាដោយសន្តិវិធី តែសិទ្ធិទាំងនេះស្ថិតក្រោមច្បាប់ ដោយមិនមានអាជ្ញាធរមូលរដ្ឋានជាអ្នកសម្របសម្រួលនិងថ្លឹងថ្លែងចំពោះសិទ្ធិរបស់បាតុករនិងសិទ្ធិរបស់អ្នកដទៃ ដើម្បីឧត្តមប្រយោជន៍ជាតិនិងគោលការណ៍សណ្តាប់ធ្នាប់សាធារណៈ។

ឯកឧតត្តម ឃួង ស្រេង បន្តថា ពិធីអបអរសារទរខួបទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ក្រោមប្រធានបទ រួមគ្នារក្សាសន្តិភាព ដើម្បីលើកកំពស់សិទ្ធិមនុស្ស គឺស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញគឺសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះនិងអបអរសារទរខួបលើកទី២០នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ។

​ក្នុងឱកាសនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងមានប្រសាសន៍ថា  ថ្ងៃនេះ ជាទិវាដ៏នក្ខត្តឫកវិសេសវិសាល និងឧត្តុងឧត្តមបំផុត ដែលព្រឹទ្ធសភា រដ្ឋសភា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសាលារាជធានីភ្នំពេញ បានសហការគ្នារៀបចំប្រារព្ធខួបលើកទី៧០​ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ។ ជាមួយគ្នានេះដែរ ទិវាសិទ្ធិមនុស្ស១០ធ្នូ បានផ្តល់នូវឱកាសមួយឆ្នាំម្តង ដើម្បីរំឭកការចងចាំ និងការយល់ដឹងពីសិទ្ធិមនុស្ស ដែលមានជាប់ជាមួយយើងម្នាក់ៗ តាំងពីកំណើតមិនអាចកាត់ផ្តាច់បានឡើយ។ សិទ្ធិទាំងអស់ជាកម្មសិទ្ធិរបស់យើង និងក៏ជាកម្មសិទ្ធិរបស់អ្នកនៅជុំវិញខ្លួនយើងទាំងអស់គ្នាផងដែរ ដោយសិទ្ធិទាំងអស់នេះ ត្រូវតែគោរពឲ្យបានត្រឹមត្រូវ ស្មើភាព និងយោគយល់គ្នាទៅវិញទៅមកក្នុងព្រំដែនច្បាប់ និងសិទ្ធិអ្នកដទៃ។

​សម្តេចប្រធានព្រឹទ្ធសភា បន្តមានប្រសាសន៍ថា ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា បានបង្ហាញឲ្យឃើញហើយថា សិទ្ធិមនុស្សមិនត្រូវបានគោរពនោះទេ​​​ ក្នុងកាលៈទេសៈដែលប្រទេសកើតមានសង្រ្គាម ភាពចលា​ចល និងអសន្តិសុខសង្គម។ ជាក់ស្តែង ប្រជាជនកម្ពុជាធា្លប់ទទួលរងនូវការរំលោភសិទ្ធិមនុស្សគ្រប់បែបយ៉ាង​ ចាប់តាំងពីការកើតមានសង្រ្គាមនាដើមទសវត្សឆ្នាំ១៩៧០មកម្លេះ  ជាពិសេស ក្នុងរបបកម្ពុជាប្រជាធិប្បតេយ្យពីឆ្នាំ១៩៧៥ ​ដល់ឆ្នាំ១៩៧៩ ក្នុងរបបប៉ុលពត៣ឆ្នាំ  ៨ខែ ​និង២០ថ្ងៃ ពួកគេបានបំផ្លិចបំផ្លាញប្រទេសជាតិខ្ទេចខ្ទីលើគ្រប់វិស័យ មានជាអាទិ៍ ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាល ប្រព័ន្ធតុលាការ ច្បាប់ និងសិទ្ធិមនុស្ស សាសនា ប្រពៃណី និងវប្បធ៌ម។ល។ ប្រជាជនមិនដែលហ៊ានបញ្ចេញមតិ ទាមទារយុត្តិធ៌ម ប្រើប្រាស់សិទ្ធិ និងសេរីភាព ឬប្រជាធិបតេយ្យចំពោះ មុខរដ្ឋអំណាចអាវខ្មៅនោះឡើយ ពីព្រោះសិទ្ធិទាំង​ឡាយត្រូវបានអង្គការខ្មែក្រហមដកហូតទាំងអស់ សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិដំបូងរបស់មនុស្សក៏ត្រូវបានគេដកហូតដែរ។ ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋបានទទួលរងនូវការធ្វើទារុណកម្ម ការបង្អត់អាហារ ការកាប់សម្លាប់ និងអំពើឃោរឃៅអមនុស្សធ៌មគ្រប់រូបភាព ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាង៣លាននាក់។

​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍បន្ត វាយតម្លៃ និងកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋា ភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជាតាមនយោបាយឈ្នះ–ឈ្នះនាឆ្នាំ១៩៩៨ និងទប់ស្កាត់ទាន់ពេលវេលានូវចលនាបដិវត្តន៏ព៌ណដែលបានប៉ុនប៉ងបង្កើតសង្រ្គាមនៅកម្ពុជា និង​បាននាំមកនូវសុខសន្តិភាព​ និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិមាតុភូមិដូចសព្វថ្ងៃនេះ។ ជាមួយគ្នានេះដែរ ក៏សូមវាយតម្លៃ និងកោតសរសើរផងដែរដល់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងស្ថាប័នពាក់ព័ន្ធ ដែលបាន និងកំពុងបន្តអនុវត្តតាមស្មារតីរដ្ឋធម្មនុញ្ញ គោរពគោលការណ៍ប្រជាធិប្បតេយ្យសេរីពហុបក្ស នីតិរដ្ឋលើកស្ទួយ ការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា និងបន្តអនុវត្តយ៉ាងត្រឹមត្រូវនូវធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស​ កតិកាសញ្ញា និងអនុសញ្ញាអន្តរជាតិសិទ្ធិមនុស្ស និងឧបករណ៍សិទ្ធិមនុស្សអន្តរជាតិ និងតំបន់ផ្សេងៗទៀតដែលកម្ពុជាជាភាគី។ សព្វថ្ងៃ នេះប្រជាជនកម្ពុជាម្នាក់ៗកំពុងទទួលបាននូវការការពារសិទ្ធិ ការគោរពសិទ្ធិ និងការប្រើប្រាស់​សិទ្ធិយ៉ាងទូលំទូលាយ ជាអាទិ៍ សិទ្ធិរស់រានមានជីវិត សិទ្ធិប្រកបរបរចិញ្ចឹមជីវិត សិទ្ធិការងារ សិទ្ធិសហជីព សិទ្ធិបង្កើតអង្គការមិនមែនរដ្ឋាភិបាល សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការថែទាំសុខភាព សិទ្ធិទទួលបានសុខមាលភាពសង្គម សិទ្ធិនយោបាយ សេរីភាពបញ្ចេញមតិ សេរីភាពសារ      ព័ត៌មាន សេរីភាពខាងជំនឿ សេរីភាពសាសនា និងវប្បធម៌ព្រមទាំងទទួលបានពីរដ្ឋប្រកបដោយសមធម៌នូវផលប្រយោជន៍ខាងសេដ្ឋកិច្ច សង្គមកិច្ច សេវាសាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យផងដែរ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here