(ភ្នំពេញ) នៅថ្ងៃសុក្រ ១៥រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូឆ្នាំ២០១៨ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ អាជ្ញាធររាជធានីភ្នំពេញ និងគម្រោងកម្ពុជាបៃតង គាំទ្រដោយកម្មវិធីបេះដូងសប្បុរសណាហ្គាវើល(Naga World) រៀបចំសន្និសីទសារព័ត៌មាន ក្រោមប្រធានបទ«ការដាំកូនឈើនិងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន» នៅក្នុងបរិវេណនៃសាលាបឋមសិក្សាសន្ធរម៉ុក រាជធានីភ្នំពេញ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំ អាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះ បានបញ្ជាក់ថា ការដាំដុះកូនឈើឡើងវិញគឺជាវិធានការ ដ៏មានប្រសិទ្ធភាពនៅក្នុងការរក្សាបាននូវលំនឹងបរិស្ថានព្រោះថា «ព្រៃឈើគឺជាសរីរាង្គសួតនៃភពផែនដីរបស់យើង» ហើយព្រៃឈើជាប្រភពមិនចេះរីងស្ងួតក្នុងការថែរក្សា នូវប្រព័ន្ធអេកូឡូស៊ីប្រកបដោយសុខភាព រវាងជីវិតមនុស្សសត្វ រុក្ខជាតិ និងធម្មជាតិ។ ឯកឧត្តម បានលើកឡើងថាការដាំដើមឈើនៅថ្ងៃនេះ ក៏ជាការបំផុសនូវស្មារតីចេះស្រឡាញ់បរិស្ថាន ស្រឡាញ់ធនធានធម្មជាតិ ថែរក្សាការពារព្រៃឈើដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប ក្នុងចំណោមពលរដ្ឋកម្ពុជា ជាពិសេសយុវជន ជំនាន់ក្រោយ។ ជាមួយគ្នានេះ ឯកឧត្តម បានសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ ដើម្បីបង្កើនភាពបៃតង និងការពារបរិស្ថាន។
សូមបញ្ជាក់ថា គម្រោង ដាំកូនឈើនិងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន នៃកម្មវិធីកម្ពុជាបៃតងក្នុងគោលបំណងដើម្បីជំរុញការលើកកម្ពស់ការយល់ដឹង និងចូលរួមថែររក្សា អភិរក្សបរិស្ថានក៏ដូចជាបញ្ជ្រាបនូវការយល់ដឹងពីវិធានការនានា ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ក៏ដូចជាជីវិតនៅលើភពផែនដីយើងនេះ។ ក្រោមការឧបត្ថម្ភគាំទ្រពីកម្មវិធីបេះដូងសប្បុរសណាហ្គាវើលនៅក្នុងថ្ងៃនេះ គណៈអធិបតី អ្នកចូលរួម និងសិស្សានិសិស្សនៃសាលាបឋមសិក្សាសន្ធរម៉ុក បានចូលរួមកម្មវិធីកម្ពុជាបៃតង ហើយបានដាំកូនឈើចំនួន ៥០ ដើមជានិមិត្តរូប នៅក្នុងបរិវេណសាលារៀន រួមជាមួយនឹងការធ្វើបទបង្ហាញការយល់ដឹងពីបរិស្ថាន និងជាពិសេសការអនុវត្តគោលការណ៍សាលាមេត្រីបរិស្ថានដោយផ្សារភ្ជាប់យ៉ាងសំខាន់ជាមួយនឹងការដាំដើមឈើ តាមរយៈគម្រោងកម្ពុជាបៃតងនេះ ដែលជាចំណែកមួយនៃការជួយថែរក្សានូវបរិស្ថាន ការបង្កើនបរិមាណព្រៃឈើ ក៏ដូចជាជួយកាត់បន្ថយបញ្ហាប្រែប្រួលអាកាសធាតុផងដែរ។ តាមការគ្រោងទុក គម្រោងនឹងធ្វើការដាំដើមឈើ ១០០០ ដើម តាមសាលារៀននានានៅក្នុងរាជធានីភ្នំពេញ ដែលនឹងជួយបង្កើនគម្របព្រៃឈើនៅក្នុងរាជធានីភ្នំពេញ និងសម្រាប់ប្រទេសកម្ពុជា៕