ទីស្តីការក្រសួងបរិស្ថាន ថ្ងៃច័ន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឺទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តនិរន្តរភាពទីក្រុងបៃតង នៅខេត្តកែប ដើម្បីឱ្យការអនុវត្តមានប្រសិទ្ធភាព និងសម្រេចបានគោលដៅអភិវឌ្ឍន៍ទីក្រុងបៃតង និងនិរន្តរភាពបរិស្ថាន ស្របទៅនឹងស្ថានភាពខេត្តកែប ជាខេត្តដែលមានសក្តានុពលលើធនធានធម្មជាតិ និងបរិស្ថាន។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋានពាក់ព័ន្ធ និងមន្រ្តីជំនាញដែលជាអ្នកអនុវត្តន៍ផ្ទាល់ នៅក្នុងការរៀបចំផែនការយុទ្ធសាស្រ្តនិរន្តរភាពទីក្រុងបៃតង នៅខេត្តកែប ។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានគាំទ្រ និងជំរុញឱ្យមានការសិក្សាស្រាវជ្រាវ ក៏ដូចជាការរៀបចំផែនការយុទ្ធសាស្រ្តឱ្យបានច្បាស់លាស់ រួមទាំងគិតគូលើការលើកកម្ពស់វិស័យបរិស្ថាន ធ្វើយ៉ាងណាឱ្យសម្រេចបាននូវចក្ខុវិស័យរួមមួយទាក់ទងនឹងការអភិវឌ្ឍទីក្រុងបៃតងនេះ។ ជាមួយគ្នា ឯកឧត្តម បានជំរុញបន្ថែមលើការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារបរិស្ថាន អភិរក្សធនធានធម្មជាតិ ជីវៈចម្រុះជុំវិញក្រុង ការរៀបចំក្រុង ការរៀបចំប្រព័ន្ធទឹកស្អាត និងប្រព័ន្ធលូ ដែលជាផ្នែកមួយសំខាន់ ដើម្បីឱ្យការអនុវត្តនូវយុទ្ធសាស្រ្តនិរន្តរភាពទីក្រុងបៃតងនេះ ទទួលបានប្រសិទ្ធភាព និងនិរន្តរភាព ៕