ដ្ឋមន្ត្រី ថោង ខុន៖ រយៈពេលបីថ្ងៃ ភ្ញៀវបរទេសជាង១.២ម៉ឺននាក់ ចូលទស្សនាព្រះរាជពិធីបុណ្យអុំទូកលើវេទិកាក្រសួងទេសចរណ៍

0
350

(ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ឌែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរអន្តរជាតិជាង ១ម៉ឺន២ពាន់នាក់ បានចូលរួមទស្សនាការប្រណាំទូក និងពិធីបណ្ដែតប្រទីប នៅលើវេទិកាដែលរៀបចំដោយក្រសួងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា «កាលពីម្សិលម្ងៃ វេទិការបស់ក្រសួងទេសចរណ៍ បានទទួលភ្ញៀវទេសចរណ៍បរទេសជាង ៣ពាន់នាក់ រីឯនៅថ្ងៃម្សិលមិញ បានទទួលភ្ញៀវទេសចរបរទេសជាង ៤ពាន់នាក់ ហើយនៅថ្ងៃនេះ វេទិកាដដែលនេះ បានទទួលភ្ញៀវទេសចរបរទេសដល់ទៅជាង ៥ពាន់នាក់។ ដូច្នេះសរុបចំនួនទេសចរបរទេសទាំងបីថ្ងៃនេះ មានប្រមាណជាជាង ១ម៉ឺន២ពាន់នាក់»។

ឯកឧត្តមបានបន្តថា អ្វីៗទាំងអស់នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាឆ្នាំ២០១៨នេះ គឺមានភាពល្អប្រសើរជាងឆ្នាំមុនច្រើនណាស់ ទាំងកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការរៀបចំពិធីនានារបស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងត្រើយខាងកើត និងត្រើយខាងលិច។

ឯកឧត្តមអំពាវនាវទៅដល់ប្រជាពលរដ្ឋ និងគ្រប់ភាគីទាំងអស់ សូមមានការចូលរួមយកចិត្តទុកដាក់ និងទទួលខុសត្រូវចំពោះបញ្ហាអនាម័យ កាកសំណល់ សំរាម ថង់ប្លាស្ទិចជាដើម ពិសេសគឺប្រកាន់នូវទម្លាប់មួយ «កុំបោះចោលសំរាមផ្ដេសផ្ដាសឱ្យសោះ ត្រូវដាក់សំរាមក្នុងធុងសំរាម»។

ឯកឧត្តមថា ការប្រកាន់នូវស្មារតីដ៏ប្រពៃណីនេះ ក៏ជាការចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានល្អ សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ព្រមទាំងយុទ្ធនាការ «កម្ពុជាស្អាត កម្ពុជាបៃតង» ពីព្រោះវាជាកត្តាទាក់ទាញដ៏ធំមួយ ក្នុងការផ្សព្វផ្សាយឱ្យភ្ញៀវទេសចរមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។

ឯកឧត្តមថ្លែងទៀតថា «យើងធ្លាប់សរសើរប្រទេសដទៃថា ស្អាតមានអនាម័យ តែយើងក៏ត្រូវធ្វើឱ្យប្រទេសរបស់យើងមានភាពស្អាត មានអនាម័យ និងមានភាពបៃតងផងដែរ ដើម្បីឱ្យទេសចរអន្តរជាតិដែលមកលេងប្រទេសយើង គេបានឃើញ គេសប្បាយរីករាយ ហើយពេលត្រឡប់ទៅប្រទេសគេវិញ គេក៏លើកសរសើរពីប្រទេសកម្ពុជាយើងវិញដែរ ហើយខ្លួនយើងផ្ទាល់ក៏មានផាសុកភាពល្អដែរ»។

ឯកឧត្តមបានមើលឃើញនូវទឹកមុខញញឹមសប្បាយរីករាយរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋខ្មែរ ដែលមកចូលរួមទស្សនា និងដើរកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ដែលកត្តាសំខាន់ជំរុញឱ្យមានទស្សនីយភាពមិនអាចបំភ្លេចបាននេះ គឺកើតចេញពីកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យពាសពេញប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម ថោង ខុន ក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិបន្ថែមទៀតដែរ សូមត្រៀមខ្លួនក្នុងការចូលរួមទស្សនាកម្សាន្តក្នុងពិធីបុណ្យជាតិធំៗចំនួន៣ទៀត រួមមាន៖ ទី១. ពិធីបុណ្យសមុទ្រលើទី៧ (ជុំទី២) នៅខេត្តកោះកុង ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤-១៥-១៦ ខែធ្នូ ឆ្នាំ២០១៨។
ទី២. ពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយឈ្នះ-ឈ្នះ និងពិធីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨។
ទី៣. គឺថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០១៨ ឆ្លងចូល ឆ្នាំ២០១៩ នារាត្រីថ្ងៃទី៣១ ខែធ្នូ នៅក្នុងបរិវេណវិមានឈ្នះ-ឈ្នះដដែល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here