សម្រាប់ព្រះរាជពិធីបុណ្យអុំទូករយៈពេល២ថ្ងៃកន្លងមកនេះ គឺជាជោគជ័យខ្លាំងណាស់ ប្រជាជនទូទាំង ២៥រាជធានី-ខេត្ត និងរាជធានីភ្នំពេញចូលរួមអបអរសាទ ក្នុងព្រះរាជពិធីបុណ្យជាតិដ៍ធំមួយនេះ ។ រដ្ឋបាលរាជធានី គណៈកម្មការរៀបចំបុណ្យជាតិ និងក្រសួងមន្ទីរនានា ព្រមទាំងអង្គភាពជំនាញ ដែលបានការណែនាំជាពិសេសឲ្យយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ធ្វេីឲ្យការរៀបចំសណ្តាប់ធ្នាប់សន្តិសុខ សុខាភិបាល បរិស្ថាន កាន់តែប្រសើរឡើង មានការរចនាលម្អក្លោងតាមរចនាបថ ភ្លើងព័ណ៌កាំជ្រួច ប្រទីបឈ្វៀលា ក៏មានការចូលរួមសាទរពីភ្ញៀងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។ សោភ័ណ្ឌភាពកាន់តែស្រស់ស្អាត មានភាពអធិកអធម សប្បាយក្រៃលែងប្រកបដោយភាពថ្លៃថ្នូរ និងការកោតសសេីរអន្តរជាតិ និងពិសេសគឺ បងប្អូនប្រជាពលរដ្ឋភាគច្រេីនបានយល់ដឹង និងទុកដាក់សំរាម បានត្រឹមត្រូវ ជាចំណែកយ៉ាងធំចូលរួមញាំងឲ្យពិធីបុណ្យជាតិ គឺព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនេះកាន់ តែរីករាយផងដែរ ។
ក្នុងនោះដែរ យេីងងាកមកមើលការរៀបចំបរិស្ថាន ធុងសំរាម រថយន្តលាងសម្អាត រថយន្តប្រមូលសំរាមវិញ គឺមានការត្រៀមលក្ខណៈយ៉ាងម៉ត់ចត់ពីអាជ្ញាធរ បងប្អូនភ្នាក់ងារអនាម័យ និងសន្តិសុខ រួមគ្នាសម្អាតរៀបចំបានយ៉ាងឆាប់រហ័ស ។
ទាំងនេះហើយដែលធ្វើឲ្យព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានប្រព្រឹត្តិទៅយ៉ាងសប្បាយរីករាយ ជា
មោទនភាពក្រៃលែងដល់ប្រទេសកម្ពុជា និងជនរួមជាតិទាំងអស់ ។
សូមបញ្ជាកផងដែរថា លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានបងប្អូនប្រជាពលរដ្ឋ ប្រមាណ១លាន៥សែននាក់ បានចូលរួមសប្បាយរីករាយ ក្រោមបរិយាកាសស្និតស្នាល កក់ក្តៅ និងសោមនស្សរីករាយក្រៃលែង។ លោកក៍បានបន្ថែមទៀតដែលថា សំរាមជារឿងរបស់យេីងទាំងអស់គ្នា សូមទុកដាក់ក្នុងធុងសំរាមដែលបានរៀបចំ ដេីម្បីរក្សាសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋយេីង និងកិត្តិយសជាតិយេីង៕