រដ្ឋបាលរាជធានី រៀបចំពិធីអកអំបុក និងសំពះព្រះខែ ដើម្បីសុំសេចក្ដីសុខ ជូនពលរដ្ឋខ្មែរ នៅរមណីដ្ឋានវត្តភ្នំ

0
1032

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ រួមជាមួយមន្ត្រីរាជការ អាជ្ញាធរដែនដី មន្ទីរ-អង្គភាពជុំវិញ រាជធានីភ្នំពេញ នាវេលាម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនេះ បានរៀបចំ ពិធីអកអំបុក និងសំពះព្រះខែ តាមប្រពៃណីទំនៀមទម្លាប់ជាតិ និងបែបសាសនា នៅរមណីដ្ឋានប្រវត្តសាស្ត្រវត្តភ្នំ ។

ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើង ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ពីបារមីវត្ថុស័ក្តិសិទ្ធ ក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ប្រជាពលរដ្ឋកម្ពុជា ជាពិសេស ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ សុំឲ្យជួបប្រទះតែសុខសន្តិភាព និងការអភិវឌ្ឍន៍។ ការប្រារព្ធពិធីបុណ្យនេះងដែរ ក៏ដើម្បីរួមចំណែកថែរក្សាប្រពៃណី ទំនៀមទម្លាប់ជាតិ ឲ្យគង់វង្សតរៀងទៅ។

តាមគម្គីររមត្ថទីបនីអដ្ឋកថា ចរិយាបិដកភាសាបាលី មានចែងថា ក្នុងដើមភទ្ទកប្បនេះ ព្រះបរមពោធិសត្វទ្រង់យោនយកំណើតជាសសបណ្ឌិត «សត្វទន្សោយ»។ នៅថ្ងៃពេញបូរមីមួយ សសបណ្ឌិតបានអធិដ្ឋានឧបើសថសីល ហើយឧទ្ទិសមំសៈជាទានបរិមត្ថបារមី ដើម្បីបំពេញពោធិសម្ភារឲ្យបានត្រាសដឹងជាព្រះពុទ្ធ។ ព្រះឥន្ទ្រទ្រង់ជ្រាប់ហេតុការណ៍នោះ ក៏ទ្រង់ក្រឡាខ្លួនជាព្រាហ្មណ៍ចាស់មកសុំសសបណ្ឌិតជាអាហារ។

សសបណ្ឌិតពោធិសត្វ បានឲ្យព្រាហ្មចាស់នោះបង្កាត់ភ្លើងភ្នក់ ហើយក្នុងពេឡដែលភ្លើងកុំពុងឆេះសណ្ធោសណ្ធៅ សសបណ្ឌិតក៏រលាស់ខ្លួន ៣ដង ដើម្បីឲ្យសត្វល្អិត ដែលជាប់នៅនឹងរោមជ្រុះចេញរួចក៏លោតចូលទៅក្នុងភ្លាម។ ភ្លើងនោះពុំបានឆេះសសបណ្ឌិតសោះ ឥន្ទ្រព្រាហ្មបានស្ទុះទៅពរព្រះពោធិសត្វឡើងទៅដល់មណ្ឌលព្រះច័ន្ទ ហើយទ្រង់យកម្នាងសិលាគូរូបទន្សាយ ហើយឥន្ទ្រព្រោហ្មណ៍បានអធិដ្ឋានថា សូមឲ្យរូបទន្សាយពោធិសត្វដែលខ្ញុំគូនេះ នៅជាប់រហូតដល់ទីបំផុតកប្ប។

ដោយអានុភាពទានបរមត្ថបារមី នៃព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋានរបស់ព្រះឥន្ទ្រផង រូបទន្សាយក៏ឃើញប្រាកដក្នុងមណ្ឌលព្រះច័ន្ទដរាបដល់សព្វថ្ងៃ។

ដោយជឿតាមរឿងនេះហើយ រូបទន្សាយក៏ឃើញប្រាកដ នៅវេលាយប់ពេញបូរមី ខែកក្តិក រៀងរាល់ឆ្នាំ ខ្មែរយើងតែងយកនំចំណី មានអំបុក ចេក ដូងជាដើម មកបូជាព្រះច័ន្ទហៅថា ពិធីអកអំបុក និងសំពះព្រះខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here