(ភ្នំពេញ) សាលាអន្តរជាតិ ហ្សាម៉ាន់ បានប្រកាសផ្តាស់ប្តូរឈ្មោះជាផ្លូវការ ទៅជាសាលាអន្តរជាតិ
«ផារ៉ាហ្គន កម្ពុជា» វិញ នេះ ធ្វើឡើងអធីបតីភាព ឯកឧត្តម អ៊ាង សុផល្លែត ជាប្រធានក្រុមប្រឹក្សាកិត្តិយស និងលោកជំទាវ ជា សុផាកន្នី ជាប្រធានក្រុមប្រឹក្សាអភិបាល និងជាម្ចាស់តែមួយគត់នៃសាលាអន្តរជាតិ ហ្សាម៉ាន់ ទាំង៣សាខា រួមទាំងសាកលវិទ្យាល័យហ្សាម៉ាន់ នៅរាជធានីភ្នំពេញ។
សាលាអន្តរជាតិ ហ្សាម៉ាន់ ដែលជាគ្រឹះស្ថានសិក្សាអប់រំមួយ ក្នុងចំណោមគ្រឹះស្ថានអប់រំនានា នៅប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រកាសផ្តាស់ប្តូរឈ្មោះជាផ្លូវការ ទៅជាសាលាអន្តរជាតិ «ផារ៉ាហ្គន កម្ពុជា» វិញ។
ក្រុមប្រឹក្សាភិបាលបានឱ្យដឹងថា ការផ្លាស់ប្តូរឈ្មោះសាលានេះ គឺជាការចាំបាច់ក្នុងការពាំនាំនូវកម្លាំង និងថាមពលថ្មី ឆ្ពោះទៅកាន់ដំណាក់កាលបន្ទាប់ នៅក្នុងវិស័យអប់រំ ហើយបន្ទាប់ពីពិគ្រោះយោបល់អស់រយៈពេលយ៉ាងយូរមក ក្រុមប្រឹក្សាភិបាលបានសម្រេច ជ្រើសរើសឈ្មោះ សាលាអន្តរជាតិ «ផារ៉ាហ្គន កម្ពុជា» វិញ ដែលជាឈ្មោះដ៏សាកសមទៅតាមអត្តសញ្ញាណ នៃការអប់រំរបស់សាលា។ រីឯសាកលវិទ្យាល័យនឹងត្រូវប្តូរជា «សាកលវិទ្យាល័យអន្តរជាតិ ផារ៉ានហ្គន (កម្ពុជា) ជំនួសវិញ។
សាលានៅតែបន្តផ្តល់នូវកម្មវិធីសិក្សាអប់រំពីរភាសាដដែល ដោយសិស្សអាចសិក្សាទាំងកម្មវិធីសិក្សាភាសាខ្មែរ និងអន្តរជាតិ។ ចំពោះសិស្សថ្នាក់អន្តរជាតិ ពួកគាត់ត្រូវប្រឡងតេស្តខេមប្រ៊ីជ ខណៈសិស្សដែលសិក្សាក្នុងកម្មវិធីសិក្សាថ្នាក់ជាតិត្រូវសិក្សា តាមកម្មវិធីសិក្សាដូចសាលារដ្ឋ៕