បើតាមទំព័រហ្វេសប៊ុកឈ្មោះ វត្តបទុមវតីរាជវរារាម សពស្តេចចាប៉ី ប្រាជ្ញ ឈួន បានដឹកចេញពីមន្ទីរពេទ្យកាលម៉ែត្រ យកមកតម្កល់ទុកនៅសាលាធម្មសភាវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធធើ្វបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។
ព្រឹទ្ធភិរម្យវោហាសាស្រ្ត ប្រាជ្ញ ឈួន បានទទួលមរណភាពហើយនៅវេលាម៉ោង ១:៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងព្រះជន្ម៨២ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតាភិរម្យ ប្រាជ្ញ ឈួន មានស្រុកកំណើតនៅភូមិត្រពាំងកក់ ឃុំខ្វាង ស្រុកទ្រាំង ខេត្តតាកែវ លោកមានកូនចំនួន៥នាក់។ មុនទទួលមរណភាព លោកត្រូវបានក្រុមគ្រួសារបញ្ជូនពីខេត្តតាកែវ មកសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកតា ប្រាជ្ញ ឈួន ចាប់កំណើតនៅខែតុលាឆ្នាំ១៩៣៦។ លោកតា ជាកូនពៅក្នុងគ្រួសារកសិករ ដែលមានកូន ៦នាក់។ ក្នុងវ័យ៩ឆ្នាំ លោកតា បានចាប់ផ្តើមរៀនចាប៉ីពីឪពុកមារ។
សូមជម្រាបថា លោកព្រឹទ្ធាចារ្យសិល្ប:ភិរម្យវោហារ ប្រាជ្ញ ឈួន ត្រូវបានក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ ចាត់ចូលជា សម្បត្តិបេតិកភណ្ឌ័មនុស្សរបស់កម្ពុជា និងអង្គការយូណេស្កូ ដោយសារទេពកោសល្យក្នុងការប្រើប្រាស់ពាក្យពេជ្រ និងកេរ្ត៍ឈ្មោះ ល្បីល្បាញតាមរយៈចម្រៀងចាប៉ីដងវែងជាច្រើនទសវត្សមកហើយនៅព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីលោកតាបានឈប់ច្រៀងចាប៉ីអស់ជាច្រើនឆ្នាំដោយសារតែបញ្ហាសុខភាព។ នៅក្នុងកម្មវិធីនោះ សម្តេច ហ៊ុន សែន ក៏បានបំពាក់មេដាយកិត្តិយស «មុនីសារភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍» និងផ្តល់ឋានៈ ស្មើនឹងថ្នាក់ អគ្គនាយក ជូនលោកតា ដែលទទួលបានប្រាក់ខែពីរាជរដ្ឋាភិបាល ដើម្បីជាការតបស្នង ចំពោះស្នាដៃរបស់លោកជាមរតកមនុស្សរស់ដែលបានប្រឹងប្រែងលើកស្ទួយសិល្បៈចាប៉ីដងវែងរបស់កម្ពុជា៕