ភ្នំពេញ ៖ កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០១៨ ប្រជាការពារភូមិម្នាក់ ត្រូវបានជនដៃដល់ដែលត្រូវជាមិត្តភក្តិចាក់សម្លាប់ ក្រោយការផឹកស៊ីរួច នៅចំណុចផ្លូវបេតុងចូលវត្តជើងឯក ភូមិ.សង្កាត់ជើងឯក ខណ្ឌដង្កោ ។
ជនរងគ្រោះឈ្មោះកេត ស៊ីថា ភេទប្រុស អាយុ៥២ឆ្នាំមុខរបរប្រជាការពារ ស្នាក់នៅភូមិតាឡី សង្កាត់.ខណ្ឌដង្កោ ត្រូវជនល្មើសចាក់២កាំបិតធ្លាយពោះវៀន។ ចំណែកជនសង្ស័យឈ្មោះថាច់ សួរ ភេទប្រុសអាយុ៤៦ឆ្នាំមុខរបរគួកជេរដី ស្នាក់នៅបន្ទប់ជួលភូមិខ្វារ សង្កាត់.ខណ្ឌដង្កោ គេចខ្លួនបាត់។
ដំបូងពួកគេទាំង៦នាក់(ស្ត្រីម្នាក់ត្រូវជាប្រពន្ធចុងជនរងគ្រោះ ) បានជួបជុំគ្នាដោយចៃដន្យពីម្នាក់ទៅម្នាក់ និងខ្លះខលមកជួប រហូតជុំបាន៦នាក់នាំគ្នាផឹកស៊ីនៅហាងអាម៉ូហ្សូន ។ នៅពេលផឹកស៊ី ជនដៃដល់នៅមានគំនុំផ្លូវចិត្ត ព្រោះកន្លងមកជនរងគ្រោះធ្លាប់ចេញមុខដោះស្រាយសម្របសម្រួលករណី១ (ជនដៃដល់ វ៉ៃគេបែកកក្បាលសងអស់៧០០$ ) ។
គួបផ្សំនឹងគងពាក្យសម្តីនៅពេលផឹកស៊ីផង ទើបនាំគ្នាឈប់ផឹកដោយជនដៃដល់ចេញលុយទាំងអស់ ហើយបែកគ្នាទៅផ្ទះរៀងខ្លួន ។ ក្រោយបែកគ្នា ជនរងគ្រោះបានជិះម៉ូតូឌុបប្រពន្ធចុងមកផ្ទះ ប៉ុន្តែមកដល់ ដល់ពាក់កណ្តាលផ្លូវលំ សង្កាត់ជើងឯក ចំណុចកើតហេតុ ជនដៃដល់បានស្កាត់ចាំឈប់ម៉ូតូរួច ចុះពីលើម៉ូតូកាន់កាំបិតស្ទុះទៅចាក់ជនរងគ្រោះចំនួន២កាំបិតរួចក៏ជិះម៉ូតូរត់គេចខ្លួនបាត់តែម្តង ។
ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យតែដោយមុខរបួសធ្ងន់ធ្ងរពេកគ្រូពេទ្យមិនអាចព្យាបាលបានបានដាច់ខ្យល់ស្លាប់ហើយបានដឹកយកផ្ទះវិញដើម្បីធ្វើបុណ្យតាមប្រពៃណី ៕