រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់សេវា រដ្ឋបាល ក្នុងវិស័យសូរិយោដី ជូនពលរដ្ឋឲ្យមានប្រសិទ្ធិភាពថែមទៀត

0
463

(ភ្នំពេញ) អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំមួយ ស្តីពី ការផ្តល់សេវា រដ្ឋបាល លើវិស័យសូរិយោដី ដល់ប្រជាពលរដ្ឋ ដែលមានបំណងស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញតាមរយៈអង្គភាពច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព។


លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងនៅក្រោយកិច្ចប្រជុំនោះថា អង្គភាពច្រកចេញចូលតែមួយគឺជាយន្តការថ្មីមួយ ដែលជាគោលនយោបាយរបស់រាជ រដ្ឋាភិបាល ដើម្បីជម្រុញការផ្តល់សេវាដល់សាធារណៈ ពិសេសសេវាចាំបាច់ឱ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយការថ្នាំងថ្នាក់ និងកាត់បន្ថយការយកសេវាកម្រៃក្រៅផ្លូវការច្រើនក្រៅពីច្បាប់បានកំណត់។


អ្នកនាំពាក្សរូបនេះបន្តថា ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អភិបាល បានស្តាប់នូវរបាយការណ៍របស់លោកស្រីប្រធានច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាការលើកឡើងរបស់មន្រ្តីជំនាញពាក់ព័ន្ធជុំវិញ ដើម្បីឱ្យការអនុវត្តការងារជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និង អាចទុកចិត្តបាន។


លោក ម៉េត មាសភក្តី បានបញ្ជាក់ទៀតថា ឯកឧត្តម ឃួង ស្រេង ក៏បានដាក់ចេញនូវផែនការមួយចំនួនបន្ថែមទៀត ពាក់ព័ន្ធនិងនិតិវិធីផ្តល់សេវានេះ ដល់ខណ្ឌទាំងអស់ ក៏ដូចជាមន្ទីរ ដើម្បីបន្តផ្សព្វផ្សាយដល់មន្រ្តីថ្នាក់ក្រោម សម្រាប់អនុវត្តកិច្ចការនេះឱ្យបានយល់ពីការផ្តល់សេវា ដើម្បីធ្វើយ៉ាងណាជម្រុញឱ្យការផ្តល់សេវាជូនប្រជាពលរដ្ឋឆ្លើយតបបានទាន់ពេលវេលាដែលបានកំណត់ដោតច្បាប់ សម្រាប់ការផ្តល់សេវានិមួយៗ។


សូមបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញមានពី៖ គឺជួរមុខ ជាអ្នកអនុវត្តកិច្ចការផ្នែករដ្ឋបាល និងជួរក្រោយ នៅក្នុងនេះផ្ទាល់និងមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ និង ទីចាត់ការដែលពាក់ព័ន្ធ។ នៅក្នុងអង្គភាពនេះដែរ ក៏មាន១២វិស័យសម្រាប់រៀបចំសេវាជូនពលរដ្ឋ ដែលក្នុងផ្តោតសំខាន់លើវិស័យសូរុយោដី និងសាធារណការ ដែលមានការពាក់ព័ន្ធច្រើន ក្នុងកិច្ចការបំរើជូនពលរដ្ឋចំពោះមុខ ដើម្បីដំណើរការឯកសារតាំងពីដើមរហូតដល់ចប់តាមរយៈច្រកចេញចូលតែមួយនេះ។


យ៉ាងណាការដំណើរកិច្ចការផ្តល់សេវាកម្មនេះ មានភាពស្មុគស្មាញ និង ត្រូវការពេលវេលា ដើម្បីរៀបចំឯកសារ តាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានស្នើមករដ្ឋបាលរាជធានីភ្នំពេញ។ ហើយមន្រ្តីទាំងអស់បាននិងកំពុងបំរើការដោយយកចិត្តទុកដាក់ និងប្រឹងប្រែង អនុវត្តឱ្យបានតាមការកំណត់នៃច្បាប់ជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here