រាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគម AIMF លើកទី៣៩ នៅឆ្នាំ២០១៩ ដែលមានសមាជិកទី្រកុងចំនួន ២៩៤ទីក្រុង

0
398

(ភ្នំពេញ) បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស និងចូលរួមមហាសន្និបាតលើកទី៣៨ របស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF នៅទីក្រុងលីល ប្រទេសបារាំង។ ក្នុងដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ទទួលបានលទ្ធផលជាវិជ្ជមានជាច្រើនដូចខាងក្រោម៖

 

ទី១ : ក្នុងជំនួបជាមួយលោកជំទាវ Pauline CARMONA ​ប្រធាន​ស្តីទីនាយកដ្ឋាន​កិច្ចការ​អាស៊ី និង​អូសេអានី នៃក្រសួងកិច្ចការបរទេស សាធារណរដ្ឋបារាំង លោកស្រីបានសន្យាបន្តការ​គាំទ្រ​បន្ថែម​ទៀតលើកិច្ចការ​សហប្រតិបត្តិការ​ទ្វេ​ភាគី រវាង​រាជធានីភ្នំពេញ និងទីក្រុងប៉ារីស ព្រម​ទាំង​បន្ត​គាំទ្រ​លើ​គម្រោង​នានា ជាពិសេសជួយជំរុញវិនិយោគិនឲ្យមកវិនិយោគបន្ថែមនៅ​រាជធានីភ្នំពេញ និងបានឯកភាពគ្នាជំរុញការសិក្សាគម្រោងប្រព័ន្ធដឹកជញ្ជូន Tramway ក្នុងជំហានទី៣ ដោយជ្រើសរើសយកមហាវិថីព្រះមុនីវង្សមកសិក្សា។

ទី២ : ក្នុងជំនួបទ្វេភាគី​ជាមួយ​លោកជំទាវ អាន អ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាល​ក្រុង​ប៉ារីស បានឯកភាពគ្នាដូចខាងក្រោម​៖

១. ភាគីប៉ារីសនឹងបន្តជួយ​គាំទ្រ​រាជធានីភ្នំពេញ នៅ​ក្នុង​ក្របខ័ណ្ឌការងាររបស់ AIMF ​។​

២. ប៉ារីសនឹងបន្តជួយរាជធានីក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទេ្វភាគីជាមួយរាជធានីភ្នំពេញ ដោយបញ្ជូនអ្នកជំនាញការមកជួយផ្នែកបច្ចេកទេស ជាពិសេសផ្តល់យោបល់លើការសិក្សារៀបចំផ្លូវឯកទិស តាមការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងជួយដល់រាជធានីភ្នំពេញក្នុងការអភិវឌ្ឍន៍ទីក្រុងឲ្យក្លាយជាទីក្រុង​បៃតង ទំនើបទាន់សម័យប្រកបដោយបរិស្ថានល្អផងដែរ។

សូមគូសបញ្ជាក់ថា កន្លងមកទីក្រុងប៉ារីសបានជួយរាជធានីភ្នំពេញលើការងារបច្ចេកទេសច្រើន ជាពិសេសការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី ២០៣៥។

ទី៣ : ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត AIMF លើកទី ៣៨ ដែលមានសមាជិកទី្រកុងចំនួន ២៩៤ទីក្រុង ប្រើប្រាស់ភាសាបារាំងនៅលើពិភពលោក ភ្នំពេញក៏បានដើរតួនាទីសំខាន់ផងដែរ ក្នុងនាមយើងជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងការចែករំលែកបទពិសោធន៍របស់រាជធានីភ្នំពេញដល់កិច្ចពិភាក្សា។ សូមគូសបញ្ជាក់ថា នៅទ្វីបអាស៊ីយើង គឺមានតែរាជធានីភ្នំពេញមួយគត់ដែលជាតំណាងនៅក្នុងការិយាល័យអចិន្ត្រៃយ៍។ ហេតុនេះហើយវត្តមានរបស់ប្រតិភូរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍ដោយផ្ទាល់នេះ គឺជារឿងចាំបាច់។

លើសពីនេះចំណុចដែលសំខាន់គឺ ការិយាល័យអចិន្ត្រៃយ៍ និងមហាសន្និបាត បានអនុម័តជូនរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគម AIMF លើកទី៣៩ នៅឆ្នាំ២០១៩​ តាមការស្នើសុំរបស់យើង។

សូមរំលឹកផងដែរថា នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែកក្តឹក ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ និងមន្រ្តីអមដំណើរជាច្រើនរូប បានវិលត្រឡប់មកពីសន្និបាតនៅប្រទេសបារំាង អស់រយៈពេលជាង១សប្តាហ៍កន្លងនេះ ដោយសុវត្ថិភាព  ។

LEAVE A REPLY

Please enter your comment!
Please enter your name here