ភ្នំពេញ) លោកស្រី រ៉ូណា ស្មីត បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ច១១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ទស្សនកិច្ចនេះ ធ្វើឡើង តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ច រយៈពេល១១ថ្ងៃនេះ អ្នកជំនាញរូបនេះ បានជួបជាមួយមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតមួយចំនួនផងដែរ។
នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត (Rhona Smith) បានរៀបចំសន្និសីទសារព័ត៌មានមួយ នៅការិយាល័យសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីបង្ហាញអំពីរបាយការណ៍គំហើញបឋម នៃដំណើរទស្សនកិច្ច រយៈពេល១១ថ្ងៃ របស់លោកស្រីនៅកម្ពុជា។
ទស្សនកិច្ចតបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជានេះ ក៏ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសស្តីពី បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។
អ្នករាយការណ៍ពិសេស អ.ស.ប បានបំពេញបេសកកម្មផ្លូវការជាទៀតទាត់ មកកាន់ប្រទេសកម្ពុជា និងធ្វើរបាយការណ៍ប្រចាំឆ្នាំទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលក្រុមប្រឹក្សានេះបានតែងតាំងលោកស្រី នៅក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រីនឹងបង្ហាញរបាយការណ៍ បន្ទាប់របស់លោកស្រី ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងខែកញ្ញា ឆ្នាំ២០១៩៕ប្រភពFreshnews អ្នកកែសំរួល ដោយ តារារ៉ាយ