ប្រវត្តិដង្កូវគីនី គឺមានវត្តមាននៅក្នុងទឹកភ្លាវ ក្នុងតំបន់ពាមសមុទ្រក្នុងខេត្តកោះកុង (មានវីដេអូ)

0
638

ក្នុងពេលថ្មីៗនេះ មានការចែកចាយខ្សែអាត់វីដេអូ (YouTube) រយៈពេល ៣នាទី និង៤៧វិនាទី នៅក្នុងបណ្តាញសង្គម Facebook ស្តីអំពីដង្កូវគីនី(ឈ្មោះហៅនៅក្នុងវីដែអូ)។ ប៉ុន្តែវីដេអូនេះមិនបាន​បញ្ជាក់អំពីទីតាំង កាលបរិច្ឆេទ និងអ្នកផលិតឱ្យបានជាក់លាក់នោះទេ។ បន្ទាប់ពីទទួលបានពត៌មាននេះ​មក នាយកដ្ឋានជីវៈចម្រុះនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក៏បានសិក្សា​ស្រាវ​ជ្រាវ​រកប្រភពនៃព័ត៌មាននេះ ដើម្បីឈានទៅកំណត់អត្តសញ្ញាណសត្វដែលបង្ហាញនៅក្នុងវីដេអូនោះ​ឱ្យ​បានត្រឹមត្រូវ។

តាមការសិក្សា និងសាកសួរព័ត៌មានបឋមពីអ្នកនេសាទនៅខេត្តកោះកុង និងខេត្ត​កំពត បាន​ឱ្យ​ដឹងថា សត្វដែលមានភិនភាគដូចក្នុងវីដេអូនោះ គឺមានវត្តមាននៅក្នុងទឹកភ្លាវ ក្នុងតំបន់ពាមសមុទ្រ ម្តុំកោះកាពិ កោះម៉ន កោះកុត ពាមក្រសោបក្នុងខេត្តកោះកុង និងមាត់​សមុទ្រដែលមានដុះ​ព្រៃ​កោងកាង ចំងាយ២០គម​ ពីទីរួមខេត្តកំពត។ វត្តមានរបស់វា គឺសម្បូរនៅពេល​ទឹកនាច​ (ទឹកស្រក)មុនបុណ្យភ្ជុំបិណ្ឌ ក្នុងខែកញ្ញា និងតុលា។ អ្នកនេសាទក៏បានបញ្ជាក់ទៀតថា​ សត្វនោះមានរូបរាងដូចសត្វឈ្លើង ហើយមាន ប្រវែងរហូតដល់ទៅ ៣តឹក (៣០សម) គឺត្រូវគ្នានឹងរូបក្នុងវីដេអូ​ (នាទីទី ១.០៣​) និងរស់​នៅ​ក្នុងព្រៃ​កោងកាង ជាពិសេសនៅលើដើមឈើងាប់។

ចំណែកឈ្មោះដង្កូវគីនីដែលបានហៅក្នុងវីដេអូនោះ មានឈ្មោះវិទ្យាសាស្ត្រថា Platydemus manokwari និងមានប្រភពដើមនៅប្រទេសប៉ាពូនូវែលហ្គីណេ (New Guinea) ហើយកំពុងតែក្លាយជា​ប្រភេទសត្វរាតត្បាតនៅលើពិភពលោក និងនៅប្រទេសកម្ពុជាយើងដែរ ហើយដែលខ្មែរយើងហៅដង្កូវ​គីនី​ នេះថាជាខ្យង​ឥតសំបក។

យោងតាមលក្ខណៈជីវសាស្ត្រ និងអេកូឡូស៊ីរបស់ ដង្កូវគីនី ឬ ខ្យងឥតសំបក គឺវារស់នៅលើគោក និងមានប្រវែងខ្លួនពី ៤សម ទៅ ៦,៥សម (ប្រវែងប្រមាណ១ចង្អុលដៃ) គឺវាខុសពីសត្វដែលបានបង្កាញ​ក្នុងវីដេអូ​ ដែលមានប្រវែងខ្លួនវែងជាងដង្កូវគីនីរហូតដល់ទៅ ៥ដង គឺដូចគ្នាទៅនឹងពត៌មានរបស់​អ្នក​នេសាទ​ដែលបានបញ្ជាក់ថាសត្វនោះមានប្រវែងរហូតដល់ទៅ ៣០សម។ ដូច្នេះយើងអាចធ្វើការសន្និដ្ឋាន​បឋមថា៖ សត្វដែលមានភិនភាគដូចក្នុងវីដេអូនោះ​ មិនមែនជា​ ដង្កូវគីនី ឬ ខ្យងឥតសំបក​ ឡើយ។

បច្ចុប្បន្ន​ នាយកដ្ឋានជីវៈចម្រុះនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៏ដោយចីរភាព ​​កំពុង​សិក្សាស្រាវជ្រាវរក​ពត៌មានបន្ថែម និងប្រមូល​សំណាកសត្វនេះ​ ដើម្បីកំណត់អត្តសញ្ញាណឱ្យ​បាន​ត្រឹមត្រូវ។​ ​នាយកដ្ឋានជីវៈចម្រុះនឹងធ្វើបច្ចុប្បន្នភាពពត៌មានលម្អិតអំពីប្រភេទនេះបន្ថែមទៀត​នៅ​ពេល​​ដែល​​ក្រុម​​អ្នក​ជំនាញ​​ទទួលបាន​ពត៌មាន ឬ បានសិក្សា​ពីលក្ខណៈវិទ្យាសាស្រ្តច្បាស់លាស់របស់​ប្រភេទ​នេះ។ប្រភពFB

សូមទស្សនាវីដេអូខាងក្រោម ៖

LEAVE A REPLY

Please enter your comment!
Please enter your name here