(ស្ទឹងត្រែង)៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចនគរបាលក្រុងស្ទឹងត្រែង ឃាត់ខ្លួនពី បទជំរិតទារប្រាក់១.០០០ដុល្លារ ពីម្ចាស់ហាងប្តូរប្រាក់និងលក់ទូរស័ព្ទដៃមួយកន្លែងនៅផ្សារខេត្តស្ទឹងត្រែង។ ការឃាត់ខ្លួននោះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៨។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលត្រូវឃាត់ខ្លួនឈ្មោះ ម៉ៅ ឌីណាភេទប្រុសអាយុ២១ឆ្នាំ មានមុខរបរជាអ្នកលក់ភេសជ្ជៈអូរអ៊ីឈិ និងទឹកប្រទាលប្រចាំក្រុងស្ទឹងត្រែង។ និងមានទីលំនៅភូមិស្រែក្រសាំងឃុំស្រែក្រសាំងស្រុកសៀមបូកខេត្តស្ទឹងត្រែង។
ប្រភពបានឲ្យ ដឹងថាកាលពីថ្ងៃទី៦វិច្ឆិកាយុវជនខាងលើ បានបង្ហោះសាររិៈគន់ម្ចាស់ហាងឈ្មោះ (ហេងឡាយចែកតាមហ្វេសប៊ុក) ថាខ្លួនបានយកប្រាក់រៀលរាយទៅទិញកាតទូរស័ព្ទនៅហាងមួយឈ្មោះហេង ឡាយនៅផ្សារស្ទឹងត្រែង។ពេលយកប្រាក់រៀល ទៅចាយម្ចាស់ហាង បានបដិសេធមិនយកប្រាក់រៀលរាយនោះទេដោយបាននិយាយថាខ្ជិលរាប់។
ក្រោយចេញពីកន្លែង ទិញកាតទូរស័ព្ទភ្លាម យុវជនខាងលើ ខឹងសម្បាយ៉ាងខ្លាំងក៏បានបង្ហោះរិៈគន់រឿងចាយប្រាក់រៀល ត្រូវអ្នកលក់កាតទូរស័ព្ទថាខ្ជិលរាប់។
មិនយកប្រាក់របស់ខ្លួនក្នុងគោលបំណងឱ្យមហាជន បានដឹងពីអ្នកហាងខាងលើ មិនទទួលប្រាក់រៀលរាយខ្មែរនោះឡើយ។
នគរបាលក្រុងស្ទឹងត្រែងបានឱ្យដឹងថាម្ចាស់ហាងបានឃើញឈ្មោះ ម៉ៅ ឌីណាបង្ហោះរិៈគន់ ហាងរបស់ខ្លួនហើយអ្នកលេងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចែកចាយបន្តគ្នា។ឃើញដូចនោះម្ចាស់ហាងក៏បានប្រាប់ឱ្យឈ្មោះម៉ៅឌីណាលុបចេញពីហ្វេសប៊ុក។
តែយុវជនរូបនេះមិនបានលុបទេ ហើយបាននិយាយគំរាមទារប្រាក់ ចំនួន១.០០០ដុល្លារពីម្ចាស់ហាងឈ្មោះ ហេង ឡាយជាថ្នូរនឹងការលុបសាររិៈគន់លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន។
បន្ទាប់មកម្ចាស់ហាងបានដាក់ពាក្យបណ្តឹងនៅកន្លែងអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែងចោទយុវជនបង្ហោះហ្វេសប៊ុកថាបានគំរាមជំរិតទារប្រាក់១០០០ដុល្លារ។
ក្រោយទទួលពាក្យបណ្តឹងភ្លាមអធិការក្រុងស្ទឹងត្រែង បានបើកការស្រាវជ្រាវនិងឃាត់ខ្លួនយុវជន យកទៅសាកសួរនៅអធិការក្រុងតែម្តង។
បច្ចុប្បន្ន យុវជនសង្ស័យត្រូវបាននគរបាលក្រុងស្ទឹងត្រែងចាត់ការតាមនីតិវិថី៕