គណៈកម្មាធិការរដ្ឋធម្មនុញ្ញ និងច្បាប់សភាប្រជាជនចិន ជួបប្រធានរដ្ឋសភា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ

0
425

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាង​ពីរគណៈប្រតិភូគណៈកម្មាធិការរដ្ឋធម្មនុញ្ញនិងច្បាប់ នៃសភាតំណាងប្រជាជនចិន បានបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការសភាប្រទេសទំាងពីរ ពិសេសក្នុងការងារច្បាប់។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ ដែលដឹកនាំដោយ ឯកឧត្តម  លី ហ្វី សមាជិកគណៈកម្មាធិការ និងជាប្រធានគណៈប្រតិភូ បានចូលជួប សម្តែងការគួរសមនិងធ្វើសវនការជាមួយសម្តេចប្រធានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែកក្តឹក ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម លី ហ្វី សមាជិកគណៈកម្មាធិការរដ្ឋធម្មនុញ្ញនិងច្បាប់ នៃសភាតំណាងប្រជាជនចិន ថា​បានរួមចំណែកពូនជ្រុំទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ឲ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ជាពិសេ​សរវាងសភាប្រទេសទំាងពីរ ដើម្បីស្វែងយល់ និងចែករំលែកបទពិសោធន៍ អំពីការងារនីតិកម្ម ការ​កសាងច្បាប់។សម្តេចបានសង្កត់ធ្ងន់ថា “កិច្ចសហប្រតិ​ បត្តិការ ក្នុងភាពជាដៃគូរ​យុទ្ធសាស្រ្ត​​គ្រប់ជ្រុង​ជ្រោយ” កំពុងទទួលបានផ្លែផ្កា​លើគ្រប់​វិស័យ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងភាគីគណៈប្រតិភូបានលើកឡើងថា ទំនាក់ទំនងការទូតកម្ពុជា-ចិន បានឈានដល់ខួប៦០ឆ្នាំនៅឆ្នាំនេះ ហើយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទំាងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្តបន្ទាប់។

ក្នុងនាមរដ្ឋសភា​ សម្តេច​ ហេង សំរិន បានវាយតំលៃខ្ពស់ និងគំាទ្រពេញទំហឹង ចំពោះគំនិតផ្តួច​ផ្តើមរបស់​ប្រទេសចិន ស្តីពី គោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។ សម្តេចមានប្រសាសន៍ថា គម្រោងសេដ្ឋកិច្ចសកលនេះ បានដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជួយទាក់ទាញវិនិយោគិន និងការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរ​ណ៍ មកក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ការធ្វើពាណិជ្ជកម្ម​ទ្វេភាគី ពីចិនមកកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង។ ​ប្រទេសចិន ក្លាយជាដៃគូរពាណិជ្ជកម្មដ៏សំខាន់ និងជាប្រទេសមានទុនវិនិយោគធំទី១ នៅកម្ពុជា។ ចំណែកកម្ពុជាវិញ កាលពីថ្មីៗនេះ​ ធនាគារជាតិនៃកម្ពុជា បានប្រ​កាសដាក់ ឲ្យប្រើប្រាស់ប្រាក់យន់ចិន ក្នុងប្រព័ន្ធធនាគារកម្ពុជា។ នេះជាយន្តការ ដើម្បីសម្របសម្រួលដល់ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងទេសចរណ៍ឲ្យ​កាន់​តែមានប្រសិទ្ធភាព។

ឯកឧត្តម  លី ហ្វី បានជម្រាប​ សម្តេច​ ថា គណៈកម្មាធិការរដ្ឋធម្មនុញ្ញនិងច្បាប់ នៃសភាតំណាងប្រជាជនចិន ទើបបង្កើតឡើងកាលពីខែមីនា​ ឆ្នាំ២០១៨នេះ។ កម្ពុជាជាប្រទេសទី១ ដែលគណៈ​កម្មាធិការជ្រើសរើសមកបំពេញទស្សនកិច្ចក្នុងការសិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើកិច្ចការច្បាប់ ដែលនេះជាផ្នែកសំខាន់មួយ ក្នុងការជំរុញអ្នកវិនិយោគទុនចិនស្វែងយល់ពីច្បាប់របស់កម្ពុជា ហើយពួកគេនឹងមកបណ្តាក់ទុនកាន់ច្រើននៅកម្ពុជា។

ទាក់ទងកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរសម្តេចប្រធានរដ្ឋសភា បានស្នើដល់គណៈប្រតិភូ ពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម​ និងយុត្តិធម៌ នៃរដ្ឋសភាកម្ពុជា ក្នុងការធ្វើកិច្ច​សហ​​ប្រតិបត្តិការ ស៊ីជម្រៅរវាងគណៈកម្មការជំនាញ​ស​ភា​​ទំាងពីរ ដើម្បីផលប្រយោជន៍ទំាងអស់គ្នា៕ ដោយ តារារាយ

LEAVE A REPLY

Please enter your comment!
Please enter your name here