ក្រសួងបរិស្ថាន នៅថ្ងៃទីអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ស.ព ២៥៦២ ត្រូវនឹង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានរៀបចំការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្ត ក្រសួងបរិស្ថានចូលបម្រើការងារជាមន្រ្តីរាជការក្នុងក្របខណ្ឌក្រសួងបរិស្ថានសម្រាប់ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមកាត់វិញ្ញាសារប្រឡងដោយ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ។
ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំក្រសួងបរិស្ថាន តែងតែជ្រើសរើសមន្រ្តីចូលបម្រើការងារក្របខណ្ឌក្រសួងបរិស្ថាន ដើម្បីចូលរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន គ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ អោយមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក្នុងរដ្ឋាភិបាលអាណត្តថ្មីនេះ ក្រសួងបានកំណត់ផែនការយុទ្ធសាស្រ្តគ្រប់គ្រងតាមរដ្ឋបាលទំនើប ក្នុងនោះការលើកកម្ពស់គុណភាពធនធានមនុស្ស ជាចំណុចអាទិភាព។
ក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកទឹក ចិត្តដល់បេក្ខជន បេក្ខនារីដែលបានចូលរួមប្រឡងងនៅថ្ងៃនេះ ខិតខំឱ្យអស់លទ្ធភាព ដើម្បីទទួលបាន លទ្ធផលល្អធ្វើយ៉ាងណាឱ្យការអនុវត្តនៅតាមស្ថាប័ននីយមួយៗទាក់ទងវិស័យបរិស្ថានប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍដោយចីរភាព។
គណៈកម្មការរៀបចំការប្រឡងបានឱ្យដឹងថា ចំនួនបេក្ខជន បេក្ខនារី ចូលរួមប្រឡង មានចំនួន៧៤នាក់ ដើម្បីចូលបម្រើការងារក្របខណ្ឌទីស្តីការក្រសួងក្រសួងបរិស្ថាន ក្របខណ្ឌ(ក) ចំនួន ១០កន្លែង និងក្របខណ្ឌ(ក) នៅមន្ទីរបរិស្ថានរាជធានី-ខេត្ត ចំនួន ៨កន្លែង៕