ប្រធានរដ្ឋសភា ស្នើដល់សមាជិកសមាជិកាសភា ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩

0
366

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់សមាជិកសមាជិកា ព្រឹទ្ធសភា និងរដ្ឋសភា ត្រូវពិនិត្យ សិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់​គ្រង​ឆ្នាំ២០១៩នេះ ឲ្យបានហ្មត់ចត់ គ្រប់ជ្រុង​​ជ្រោយ និងស៊ីជម្រៅ ជាពិសេស ធ្វើឲ្យប្រាកដថា​ការវិភាជន៌ថវិកា ពិតជាឆ្លើយតបទៅនឹងវិស័យជាអាទិភាពរបស់ជាតិ ​ ដែលជាចលករនៃកំណើន​សេដ្ឋកិច្ចរបស់កម្ពុជា ។

ការស្នើសុំរបស់សម្តេចប្រធានរដ្ឋសភា បែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាឈ្វេងយល់អំពី “ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩”  ដែលរៀបចំធ្វើនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

សិក្ខាសាលានេះបានផ្តួចផ្តើមរៀបចំឡើងដោយ គណៈកម្ម​ការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដោយមានការចូលរួមពីសមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងរាជរដ្ឋាភិបាល អង្គការ ស្ថាប័នជាតិ អន្តរជាតិ ដែលពាក់ព័ន្ធជាច្រើន ក្នុងការផ្លាស់ប្តូរនូវព័ត៌​មាន និងធាតុចូលបន្ថែមទៀត សម្រាប់យកមកសិក្សា វិភាគ និងវាយតម្លៃ លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ មុននឹងដាក់ជូនរដ្ឋសភាពិភាក្សានិងអនុម័តនាពេលខាងមុខនេះ។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ក៏បានលើកឡើងដែរថា ថវិកាឆ្នាំ២០១៩ នឹងដើរតួនាទីជាឧបករណ៍គោលនយោបាយដ៏មានសារៈសំខាន់ ដើម្បីអនុញ្ញាតឲ្យរាជរដ្ឋាភិបាលអនុវត្តនូវ “ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣” និង “យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤” ដើម្បីបន្តរក្សាស្ថិរភាពនយោបាយ បន្តពង្រឹងនិងពង្រីកការអនុវត្តលទ្ធិប្រជាធិបតេយ្យ បន្តរក្សាបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងធានាបាន នូវប្រសិទ្ធិភាពខ្ពស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងឈានទៅសម្រេចឲ្យបាននូវគោលនយោបាយគ្រឹះគឺការធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចដោយចីរភាពក្នុងរយៈពេលវែង មានអត្រាខ្ពស់ប្រមាណ៧%ក្នុងមួយឆ្នាំ នៅលើមូលដ្ឋានទូលាយ និងមានសមត្ថភាពប្រកួតប្រជែងជាងមុន។

ចំណែកឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការកសាងសេចក្តីព្រាងច្បាប់ហរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩នេះឡើង ដើម្បីឆ្លើយតបទៅនឹងសេចក្តីទុកចិត្តដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា តាមរយៈលទ្ធផលការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ កាលពីខែកក្កដា ឆ្នាំ២០១៨នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថាសេចក្តីព្រាងច្បាប់នេះ មានគោលដៅគំាទ្រ ដល់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានា ដែលនឹងត្រូវផ្តើមអនុវត្តនៅក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំទី១​នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កាជាអតិបរមាជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ថវិកាជាតិឆ្នាំ២០១៩ ត្រូវបានគិតគូរ ដោះស្រាយ និងត្រូវបានវិភាជន៌សម្រាប់វិស័យអាទិភាព នៃគោលនយោបាយជាតិសំខាន់ៗជាសារវ័ន្ត។ “យើងចាត់ទុកថា ថវិកាជាតិឆ្នាំ២០១៩ នេះ ជាឧបករណ៍​នៃគោល​នយោបាយ របស់រាជរដ្ឋាភិបាលប្រកប​ដោយ​ប្រសិទ្ធភាព និងស័ក្តសិទ្ធភា​ព ក្នុងការថែរក្សាការពារ និង​ពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេងដែលកម្ពុជា​សម្រេច​​​បានកន្លងមក ក៏ដូចជាបន្តចាក់គ្រឹះរឹងមាំ សម្រាប់​បម្រើ​ឲ្យការអភិវឌ្ឍរបស់កម្ពុជា តទៅមុខទៀត” នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានសំណូមពរដល់ភាគីពាក់ព័ន្ធទំាងអស់ ត្រូវបង្កើនការតាមដាន និងត្រួតពិនិត្យលើការអនុវត្តច្បាប់ថវិកា ឲ្យបានត្រឹមត្រូវនិងហ្មត់ចត់ ដើម្បីធានា នូវប្រសិទ្ធិភាពនៃការអនុវត្តច្បាប់។

នៅក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងការកោតសរសើរនិងអបអរសាទរចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានដោយជោគជ័យ ក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ នៅក្នុងនីតិកាលទី៥ នៃរដ្ឋសភាកន្លងមក ដោយរក្សាបាននូវសុខសន្តិភាព​ស្ថេរភាព​​នយោបាយ និងការឯកភាពជាតិ សម្រេចបាននូវ​សូចនាករសង្គមសំខាន់ៗ ដូចជា វិស័យអប់រំ សុខាភិ​បាល សម្រេចបានលទ្ធផលល្អ ក្នុងការគ្រប់គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ សេដ្ឋកិច្ចមានកំណើនខ្ពស់ជាមធ្យមក្នុងរង្វង់ ៧% ភាពក្រីក្ររបស់ប្រជា​ពលរដ្ឋត្រូវបានកាត់​បន្ថយ​មកនៅត្រឹមក្រោម ១០% ដែលជាមធ្យម ជាង ១ % ក្នុងមួយឆ្នាំ​ ជាពិសេសបានកសាង និងប្រែក្លាយ​ប្រទេសកម្ពុជា ពីប្រទេសក្រីក្រ មានចំណូលទាប ទៅ​ជា​ប្រទេសមានចំណូលមធ្យមកម្រិតទាប និងឈានទៅ​កា្លយ​ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០ ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here