(ប៉ារីស) ក្រោយចូលរួមកិច្ចប្រជុំសមាជិកគណៈកម្មការអចិន្ត្រៃយ៏របស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)នៅទីក្រុងលីល សាធារណៈរដ្ឋបារាំងនៅថ្ងៃទី៥វិច្ឆិកានេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនឹងប្រតិភូអមដំណើររួមជាមួយឯកឧត្តម ចែវ វិឌ្យា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណៈរដ្ឋបារាំង បានចូលជួបសំណេះសំណាលជាមួយលោកស្រីអាន អ៊ីដាលហ្គោ(Anne Hidalgo)អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។
នាឳកាសនោះឯកឧត្តម ឃួង ស្រេង បានថ្លែងកោតសរសើរចំពោះការដឹកនាំរបស់លោកជំទាវAnne Hidalgo និងការរីកចំរើនលើគ្រប់វិស័យរបស់ទីក្រុងប៉ារីស ជាពិសេសប្រពន្ធ័ដឹកជញ្ជូនសាធារណៈទំនើប ការគ្រប់គ្រងប្រពន្ធ័ចរាចរ ការរៀបចំសោភណ្ឌភាពទីក្រុង ការគ្រប់គ្រងសំណល់ជាដើម។ តាមរយះការទទួលស្វាគមន៏យ៉ាងកក់ក្តៅរាក់ទាក់ពីសំណាក់លោកស្រី Anne Hidalgo ប្រតិភូរាជធានី ភ្នំពេញបានទៅទស្សនាសិក្សាស្វែងយល់ពីការរៀបចំ និងដំណើរការមជ្ឈមណ្ឌលគ្រប់គ្រងប្រពន្ធ័ចរាចរ,ព្រមទាំងសួនរុក្ខជាតិ និងផ្កាលម្អរក្រុងប៉ារីស។ចំណុចខាងលើនេះ បានផ្តល់នូវចំណេះដឹង និងបទពិសោធន៏ល្អៗថ្មីៗជាច្រើនដល់ក្រុមការងាររាជធានីភ្នំពេញយកទៅពិចារណារៀបចំផែនការកែលំអរ និងដោះស្រាយបញ្ហាប្រឈមដែលរាជធានីភ្នំពេញកំពុងជួបប្រទះនាពេលបច្ចុប្បន្នជាពិសេសការដោះស្រាយបញ្ហាកកស្ទះចរាចរ ព្រមទាំងការប្រាថ្នាចង់បានការកែប្រែមុខមាត់រាជធានីភ្នំពេញឲ្យទៅជាទីក្រុងបៃតង មានផ្កាចម្រុះពណ៏ស្រស់ស្អាត។
ក៏ដូចជាការលើកកំពស់កិច្ចសហប្រតិបត្តិការរវាងទីក្រុងយើងទាំង២ក៏ដូចជាចូលរួមចំណែករិតបន្តឹងចំណងមិត្តភាពដ៏រឹងមាំ និងជ្រាលជ្រៅរវាងប្រទេសយើងទាំង២។លោកជំទាវអាន អ៊ីដាលហ្គោ បានទទួលស្គាល់តួនាទីដ៏សំខាន់របស់រាជធានីភ្នំពេញក្នុងក្របខណ្ឌAIMFប្រចាំទ្វីបអាស៊ី និងបានគូសបញ្ជាក់ថា៖ទីក្រុងប៉ារីស នឹងបន្តទំនាក់ទំនងល្អក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរាជធានីភ្នំពេញ។ក្រៅពីការស្នើសុំឲ្យមានការគាំទ្របេក្ខភាពរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំAIMFលើកទី៣៩នៅឆ្នាំក្រោយនោះ ឯកឧត្តម ឃួង ស្រេង បានសុំឲ្យលោកជំទាវអាន អ៊ីដាលហ្គោ ឲ្យបញ្ជូនក្រុមអ្នកឯកទេស មកសិក្សារៀបចំផ្លូវឯកទិសនៅរាជធានីភ្នំពេញផងដែរ៕