រដ្ឋបាលរាជធានី ដាក់ដេញថ្លៃគម្រោង ការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ជំហ៊ានទី៤ ក្រោមជំនួយឥតសំណង ៣០លានដុល្លារ ពីជប៉ុន

0
369

(ភ្នំពេញ) ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានដឹកនាំគណៈប្រត្តិភូ អញ្ជើញទស្សនកិច្ច ទៅកាន់ទីក្រុងតុក្យូ ប្រទេសជប៉ុន ដើម្បីធ្វើការដាក់ដេញថ្លៃ នៅគម្រោងស្ថាបនា រាជធានីភ្នំពេញ ជាមួយក្រុមហ៊ុនជប៉ុនជាច្រើន នូវគម្រោងការពារទឹកជំនន់ និងការកែលម្អ ប្រព័ន្ធប្រឡាយលូ ជំហ៊ានទី៤ ក្រោមជំនួយឥតសំណង ពីប្រទេសជប៉ុន ជាមួយទំហំទឹកប្រាក់​ ប្រមាណជា ៣០លានដុល្លារ ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសសន្និសីទការសែត នាសាលារាជធានីភ្នំពេញនេះ​ បានឲ្យដឹងថា”​ អភិបាលរាជធានីភ្នំពេញ ឯកឧត្តមបានចាត់តាំងឲ្យខ្ញុំបាទ និងលោក សាំ ពិសិដ្ឋ ដឹកនាំគណៈប្រត្តិភូមួយក្រុម ទៅចូលរួមនៅក្នុងគម្រោង ការដេញថ្លៃ គម្រោងការពារទឹកជំនន់ ​និងការកែលម្អប្រព័ន្ធប្រឡាយលូ នៅក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤” ។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម នួន ផារ័តុ្ន បានឲ្យដឹងថា គណៈប្រត្តិភូ ដែលបានអញ្ជើញ ទៅប្រទេសជប៉ុន បានសម្រេចការងារពីរសំខាន់ៗ គឺការដេញថ្លៃគម្រោង និងការជួបពិភាក្សា ការងារជាមួយមន្ត្រី ជាប់ខ្ពស់ របស់អង្គការ JICA ។

ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា “គម្រោងនេះ គឺជាគម្រោងដែលយើងបន្ត ពីគម្រងមុនៗ ប៉ុន្តែជាគម្រោង ជំនួយ​ឥតសំណង ដោយយើងមិនមានជាប់ ជាបំណុល និងជាកតព្វកិច្ចអ្វី ដែលត្រូវសង ទៅភាគីមិត្តជប៉ុន នោះវិញទេ ។ គម្រោងទាំងពីរនេះ មានតម្លៃស្មើនឹងទឹកប្រាក់ ៣០លានដុល្លារអាមេរិក” ។

ឯកឧត្តមក៏បានពន្យល​ ពីមូលហេតុ ដែលរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការដេញថ្លៃគម្រោងនេះ ទៅទីក្រុងតុក្យូ ក្នុងនាមខ្លួនជាម្ចាស់គម្រោង ក៏ព្រោះជាគោលនយោបាយ របស់ជប៉ុន ដែលតម្រូវឲ្យធ្វើការសហការ ជាមួយក្រុមហ៊ុន គង់ស៊្យូតង់មួយរបស់ជប៉ុន ដែលក្រុមហ៊ុននេះ គឺជាអ្នករៀបចំដំណើរការសហការ​ ជាមួយរាជធានីភ្នំពេញនេះ តាំងពីដើមរហូតដល់ចប់ ដូច្នេះអ្វីៗទាំងអស់នេះ ត្រូវធ្វើឡើងជាមួយ ជំនាញការរបស់ក្រុមហ៊ុន គង់ស្យ៊ូតង់ និងត្រូវធ្វើឡើង ក្រោមការរៀបចំ ដោយក្រុមហ៊ុន គង់ស្យ៊ូតង់ ដែលរៀបចំនៅទីក្រុងតុក្យូ ក្រោមការចូលរួម ពីក្រុមហ៊ុនជប៉ុនជាច្រើន ។

ក្រោយពីការដេញថ្លៃនេះ ឯកឧត្តមអភិបាលរង បានឲ្យដឹងបន្ថែមថា លោកបានជួបប្រជុំជាមួយ និងមន្ត្រីជាន់ខ្ពស់ របស់អង្គការចៃកា (JICA) ដោយបានពិភាក្សា បញ្ហាដែលនៅសេសសល់ ស្ថិតក្នុងក្របខណ្ឌ ការអនុវត្ត គម្រោងបច្ចុប្បន្ន ដែលរួមទាំងគម្រោង កែលម្អប្រព័ន្ធគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ រួមទាំងផលប៉ះពាល់ ដែលអាចកើតចេញ ពីការអនុវត្តគម្រោងការការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយលូ ជំហ៊ានទី៤នេះ ដែលនូវមានផលប៉ះពាល់ខ្លះ ដែលយើងត្រូវធ្វើការពិភាក្សា និងប្រាប់ទៅកាន់ភាគី JICA វិញ ដើម្បីរកដំណោះស្រាយ ដែលអាចទទួលយកបាន ។

ឯកឧត្តមបន្តថា “យើងធ្វើការពិភាក្សាបន្តទៅមុខទៀត អាចដល់ជំហ៊ានទី៥ ដោយយើងធ្វើការសិក្សា អំពីតំបន់ជុំវិញប្រលានយន្តហោះពោធិ៍ចិនតុង ដែលអាចនឹងរង ការគំរាមកំហែង ពីការជនលិច ដោយជំនន់ទឹកភ្លៀង ដែលយើងត្រូវតែសិក្សា ធ្វើយ៉ាងមិច នូវបញ្ហានេះ ហើយនៅមានជំនួយបច្ចេកទេសមួយចំនួន ដែលគម្រោង២សំខាន់ៗ រួមមាន កិច្ចសហប្រតិបត្តិការណ៍ ជំនួយបច្ចេកទេស លើការងារគ្រប់គ្រង ប្រព័ន្ធទឹកកង្វក់ និងការកែលម្អ និងការគ្រប់គ្រង នូវប្រព័ន្ធចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ដែលភាគី JICA បានអនុម័ត្តរួចរាល់ហើយ នៅចាំតែសម្រេចថា នឹងចាប់ផ្តើម នៅពេលណានោះទេ ។

ឯកឧត្តមបានបន្ថែមទៀតថា “យើងបានសំណូមពរ និងជម្រុញឲ្យជប៉ុនគាំទ្រ នូវគម្រោងមួយ ដែលជាគម្រោងសំខាន់ផងដែរ សម្រាប់ក្របខណ្ឌ ក្នុងរាជធានីយើងនេះ គឺការបង្កើត នូវស្ថាននីយ ប្រព្រឹត្តិកម្មទឹកកង្វក់ ក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងប៉ែកខាងត្បូង ដែលគម្រោងនេះ គឺស្ថិតក្នុងការសិក្សា មូលដ្ឋាន ដែលយើងនឹងត្រូវបញ្ចប់ នៅចុងខែ៤ ។ នៅពេលបញ្ចប់ ការសិក្សានេះ យើងនឹងមានមូលដ្ឋានគ្រឹះ ក្នុងការស្នើសុំ ឲ្យភាគីជប៉ុន ជួយនៅក្នុងការសាងសង់ ស្ថានីយ ប្រព្រឹត្តិកម្មទឹកកង្វក់នេះ ពីព្រោះថាបើយើងមិនប្រឹងប្រែង លើការងារប្រព្រឹត្តិកម្មទឹកកង្វក់នេះទេ បរិស្ថានរបស់យើង អាចនឹងរងការគំរាមគំហែង ជាពិសេសគឺទន្លេយើងនេះឯង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here