ក្រុមឆបោកប្រាក់ពីភ្នាក់ងារ វីង នៅខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់​ បានសារភាពថា ធ្លាប់ធ្វើសកម្មភាពចំនួន…

0
285

(ភ្នំពេញ-កំពង់ចាម)៖ សំណុំរឿងបន្លំខ្លួនធ្វើភ្នាក់ងារ វីង ធ្វើការនៅការិយាល័យកណ្ដាល ហើយតេទៅឆបោកយកប្រាក់ពីភ្នាក់ងារ វីង នៅតាមបណ្ដាខេត្តនោះ ពេលនេះកម្លាំងនគរបាលព្រហ្មទណ្ឌ តាមបង្ក្រាបបានជនសង្ស័យ៦នាក់ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ ខណៈដែលក្រុមជនសង្ស័យបានសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាព បានជិត១០រួចមកហើយ។

​ប្រតិបត្តិការតាមប្រមាញ់ក្រុមជនឆបោកមិនរាថយនេះ ត្រូវបានធ្វើឡើងដោយកម្លាំងនគរបាល​នៃស្នងការដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងផែនព្រហ្មទណ្ឌ ​នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងនៃនាយកដ្ឋានសន្ដិសុខ ក្រសួងមហាផ្ទៃ ដែលស្ថិតក្រោមការសម្របសម្រួលពីតំណាងអយ្យការផងដែរ។

បន្ទាប់ពីទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ ​ឯម កុសល ស្នងការនគរបាលខេត្ត បានចាត់ឲ្យលោកដឹកនាំកម្លាំងជំនាញ បើកការស៊ើបអង្កេត និងស្រាវជ្រាវ ជាបន្ដបន្ទាប់ រហូតតាមបង្ក្រាបបានក្រុមជនសង្ស័យ៦នាក់។

លោកស្នងការរងព្រហ្មទណ្ឌរូបនេះ បានរៀបរាប់ថា ​កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ មានករណីឆបោកមួយកើតឡើង បង្កដោយជនមិនស្គាល់អត្ដសញ្ញាណម្នាក់ បានទូរស័ព្ទបន្លំធ្វើជាបុគ្គលិកក្រុមហ៊ុន វីង មកឆបោកប្រាក់របស់ជនរងគ្រោះ ឈ្មោះ ឃួន ហុក ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិអូរស្វាយកើត ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម អស់ទឹកប្រាក់ចំនួន៣,០០០ដុល្លារ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨។ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យនៅតែបន្ដធ្វើសកម្មភាពដដែល តាមរយៈទូរស័ព្ទលេខ ០១២ ៧៩៥ ៦៦២។

ក្រោយទទួលបានពាក្យបណ្ដឹង និងបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការខេត្ត ទើបកម្លាំងបើកការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យ៦នាក់ ដោយ​ជនសង្ស័យទី១​៖ឈ្មោះ សាន វណ្ណនី ​អាយុ៣០ឆ្នាំ ​ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ, ទី២៖ឈ្មោះ ចាន់ ការាន់ អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ដង្កោ ខណ្ឌដង្កោ, ទី៣៖ឈ្មោះ ណា ប៉ូលី ​អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ, ​ទី៤៖ឈ្មោះ អាស អារីវ៉ាន់ទី ​អាយុ២៥ឆ្នាំ ​ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ, ទី៥៖ឈ្មោះ លឹម សុខហេង អាយុ៣៧ឆ្នាំ​ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ និងទី៦៖ឈ្មោះ សាង សុភាព ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here