រាជរដ្ឋាភិបាលស្វីសបានប្រកាស ផ្ដល់ជំនួយចំនួន១២លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

0
234

(ភ្នំពេញ) ការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូតនេះ ធ្វើឡើងនាឱកាសដែលលោកត្រូវបានអនុញ្ញាត ឲ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។

លោក Ivo Siebber បានថ្លែងឲ្យដឹងថា «នៅរយៈពេល៣ឆ្នាំខាងមុខនេះ ពោលចាប់ពីឆ្នាំ២០១៩-២០២១ រដ្ឋាភិបាលនៃប្រទេសស្វីស នឹងបន្ដផ្ដល់ថវិកាប្រមាណ១២លានដុល្លារ សម្រាប់បន្ដដំណើរការមន្ទីរ ពេទ្យគន្ធបុប្ផា»។ ឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជាលោក Ivo Siebber បានអះអាងថា រាជរដ្ឋាភិបាលស្វីស បានប្រកាស ផ្ដល់ជំនួយចំនួន១២លានដុល្លារសហរដ្ឋអាមេរិក ដល់កម្ពុជា ដើម្បីជួយដល់ មន្ទីរពេទ្យគន្ធបុប្ផា។

លោក Ivo Siebber ក៏បានកោតសសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំពង្រឹងគុណភាពនៃ មន្ទីរឲ្យដំណើរការដោយរលូន និងមិនមានបញ្ហាណាមួយកើតឡើង។

ឯកឧត្តមសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះការគាំទ្រ របស់រដ្ឋាភិបាលស្វីស ព្រមទាំងថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការ ដែលភាគីទាំង២រួមដៃគ្នាធ្វើឡើង រហូតសម្រេចជោគជ័យជាបន្ដបន្ទាប់។

ឯកឧត្តមរដ្ឋមន្រ្ដី បានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងថែក្សាសុខភាព របស់កុមារកម្ពុជាទូទៅ ឲ្យបានល្អបំផុត និងបានបង្ហាញពីអារម្មណ៍ក្ដុកក្ដួល និងសោកស្ដាយ ចំពោះការបាត់បង់វីរៈបុរសកុមារកម្ពុជាលោក Beat Richner ស្ថាបនិកនៃមន្ទីពេទ្យគន្ធបុប្ផា ដែលលោកបានធ្វើមរណៈភាពកាលពីពេលកន្លងទៅ។

ឯកឧត្តមបន្ដថា ក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា បានកាន់មរណៈទុក្ខរបស់លោក Beat Richner ដើម្បីសំដែងការដឹងគុណ ចំពោះការលះបង់ដ៏ធំធេង របស់លោកចំពោះកុមារកម្ពុជានាកាលកន្លងមក។

ក្នុងនោះលោក Ivo Siebber បានស្នើសូមឲ្យក្រសួងសុខាភិបាល រៀបចំឯកសារ ឬប្រតិបត្តិការនានាដែលមន្ទីរពេទ្យ បានកកើតឡើងក្នុងប្រទេសកម្ពុជា ក្រោមការខិតខំប្រឹងប្រែងរបស់លោក Beat Richner ដើម្បីទុកជាឯកសារយោង នៃការបើកដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។

សូមបញ្ជាក់ផងដែរថា ក្នុងនោះភាគីស្វីស បានសន្យាផ្ដល់ជំនួយខាងបច្ចេកទេស ដល់ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ប្រសិនបើមានតម្រូវការ៕ ប្រភពFreshnews កែសំរួល លោក សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here