ភ្នំពេញ៖ អ្នកលេងកាំបិតបុ័ងតោ ជាមុខសញ្ញាចោរប្លន់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ធ្វើសកម្មភាព កាប់ប្លន់ម៉ូតូ រួចគេចខ្លួនបាន១២ម៉ោង ហេតុការណ៍កាប់ប្លន់នេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ នៅចំណុចមុខផ្ទះលេខ៥ ផ្លូវលេខ៧ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បុរសម្នាក់ជាចុងភៅភោជនីយដ្ឋានទន្លេបាសាក់២ បានរងរបួសធ្ងន់ ខណៈជិះម៉ូតូត្រឡប់មកពីមើលផ្ទះមួយកន្លែងទៀត មកឈប់មុខផ្ទះឈរជក់បារី រ់ងចាំអ្នកផ្ទះបើកទ្វារឲ្យ ស្រាប់តែលចមុខជនសង្ស័យម្នាក់ ដើរមកសុំបារីជក់ដែរ តែបែរជាយកកាំបិតបុ័ងតោមកកាប់ប្រហារជាច្រើនកាំបិត ប្លន់យកម៉ូតូ Scoopy រួចជិះគេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះឈ្មោះ ផាង ថៃសុប៊ិន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិថៃ ទីលំនៅចំណុចកើតហេតុខាងលើ មុខរបរ ចុងភៅភោជនីយដ្ឋានទន្លេបាសាក់២ (របួសក្បាលពីក្រោយចំនួន១កន្លែង ,លើចិញ្ចើមឆ្វេង១កន្លែង និងដៃខាងឆ្វេង ចំនួន១កន្លែង កំពុងសម្រាកព្យាលបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត្រ) ។
មុនពេលកើតហេតុ កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាក Scoopy ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1CO-1055 តែម្នាក់ឯងត្រឡប់មកពីមើលផ្ទះមួយកន្លែងទៀត នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈមកដល់មុខផ្ទះលេខ០៥ ផ្លូវលេខ៧ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) រូបគាត់បានចតម៉ូតូ រួចឈរជក់បារី ដើម្បីរង់ចាំអ្នកផ្ទះបើកទ្វារឲ្យ ស្រាប់តែលេចមុខជនសង្ស័យខាងលើ មិនដឹងដើរមកពីណាទេម្នាក់ឯង រួចមកធ្វើជាសុំបារីពីជនរងគ្រោះជក់ រួចក៏បានលូកយកកាំបិតបុ័ងតោ ដងឈើ១ដើម (ដែលលាក់ជាប់ខ្លួន) មកធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យរបួស ហើយជនសង្ស័យក៏បានយកម៉ូតូ Scoopy របស់ជនរងគ្រោះ ជិះគេចខ្លួនបាត់ស្រមោល។
ដោយបានបន្សល់ទុកវត្ថុតាង នៅកន្លែងកើតហេតុមាន កាំបិតបុ័ងតោ ដងឈើប្រឡាក់ឈាម១ដើម និងស្បែកជើងផ្ទាត់(ជ័រ) ពណ៌ខ្មៅ មានប្រឡាក់ឈាម១គូផងដែរ ។ ជនសង្ស័យឈ្មោះ ប៊ិន វីរៈ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៤៣ ផ្លូវបេតុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។
សម្ភារៈបាត់បង់ ៖ ម៉ូតូ០១គ្រឿងម៉ាក Scoopy ពណ៌ឈាមជ្រូក សេរី២០១៣ (បិទតែម២០១៥) ពាក់ស្លាកលេខភ្នំពេញ 1CO-1055 (ជារបស់ជនរងគ្រោះ)។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕
ប្រភព៖ FB