(ពោធិ៍សាត់) កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៦ នីង៥០នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយរវាងរថយន្តម៉ាកCANTER (រថយន្តទ្រុង) បើកគេចម៉ូតូម៉ាក SCR រួចក្រឡាប់ទទឹង ថ្នល់បណ្តាលរងរបួសធ្ងន់ស្រាលចំនួន៣៣នាក់ ស្រី១៤នាក់ នៅត្រង់ចំណុច ផ្លូវលេខ៥៣ (ផ្លូវក្រាលកៅស៊ូ) ស្ថិតនៅភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៏សាត់។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក CANTER ពណ៍ខៀវ (រថយន្តទ្រុង) ពាក់ផ្លាកលេខ ភ្នំពេញ 3C-0944 បើកបរដោយឈ្មោះ អ៊ឹម សុភាព អាយុ ៣៣ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិពោធិ៏អណ្តោត ឃុំពោធិ៏អណ្តោត ក្រុងពោធិ៏សាត់ ធ្វើចរាចរណ៏ពីត្បូង ទៅជើងស្របទិសគ្នា លុះដល់ចំណុចកើតហេតុខាងលើបានគៀរម៉ូតូម៉ាក SCR ពណ៍ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់1F -9718 ពីក្រោយហើយជាន់ហ្វាំង រួចក្រឡាប់ទទឹងផ្លូវ បណ្តាលឲ្យអ្នក បើកបរម៉ូតូ SCR និងអ្នកជិះលើរថយន្តរងរបួសធ្ងន់ ស្រាលចំនួន ៣៣ នាក់ ស្រី ១៤ នាក់។
លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានបញ្ជាក់ឲ្យដឹងថា ក្រោយហេតុការណ៍នេះភ្លាម សមត្ថកិច្ចនគរបាលបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែង និងបញ្ជូនអ្នករងបួសធ្ងន់ ទៅកាន់មន្ទីរពេទ្យពោធិ៍សាត់ចំនួន ១៧នាក់ និងអ្នករងរបួសស្រាល ចំនួន១៦នាក់បញ្ជូន ទៅមន្ទីរពេទ្យ បង្អែកស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកអធិការបានបន្តថា ករណីគ្រោះថ្នាក់ ចរាចរណ៍គឺ បណ្តាលមកពីអ្នកបើកបររថយន្តមានល្បឿនលឿន ហើយស្ថិតក្នុងស្ថានភាពស្រវឹង។ ចំពោះរថយន្តនិងម៉ូតូ សមត្ថកិច្ចនគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីកសាងសំណុំរឿងទៅតាម និតិវិធី៕ប្រភពFB