ចិនបានប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រចំពោះកម្ពុជាតាមលទ្ធភាពដែលចិនមានដើម្បីជួយ ឲ្យកម្ពុជាសម្រេចបានគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ ហើយចិនតែងតែចាត់ទុកកម្ពុជាជាមិត្តដ៏ ពិសេសរបស់ប្រទេសចិន ដោយបានប្រៀបធៀបកម្ពុជាចិនហាក់បីដូចជាមនុស្សក្នុងគ្រួសារ តែមួយថែមទៀតផង។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែលត្រូវបញ្ចប់ អាណត្តិ ឯកឧត្តម ស្យុង ប៉ នាជំនួបសម្តែងការគួរសម និងជម្រាបលាសម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ។
ក្នុងជំនួបនេះឯកអគ្គរដ្ឋចិន បានសម្តែងនូវការអបអរសាទរចំពោះការរៀបចំការបោះ ឆ្នោតនៅកម្ពុជានាពេលកន្លងទៅប្រកបដោយជោគជ័យដែលធ្វើឲ្យកម្ពុជាសម្រេចបាននូវការ រៀបចំបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មីដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍កម្ពុជាឲ្យមាន ការរីកចំរើនបន្ថែមទៀត ដោយចិនបានសន្យាថានឹងនៅតែបន្តរួមចំណែកក្នុងការជួយអភិវឌ្ឍន៍ កម្ពុជា ក្រោមរូបភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងពិសេសរបស់ប្រទេសទាំង ពីរកម្ពុជាចិន។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាមានប្រសាសន៍ថា ឆ្នាំ នេះ គឺជាឆ្នាំខួបទី៦០ នៃទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសយើងទំាងពីរចិន-កម្ពុជា ដែលបានកសាងឡើងដោយ អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងអតីតប្រមុខដឹកនាំប្រទេសចិន។ ទំនាក់ទំនងដ៏យូរលង់នេះ ត្រូវបានប្រមុខដឹកនាំ ប្រទេសទាំងពីរបច្ចុប្បន្ន បន្តលើកស្ទួយឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិ
សាស្រ្ត គឺ“កិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ដែលបាន និងកំពុង ផ្តល់ផ្លែផ្កាជាក់ស្តែងលើគ្រប់វិស័យ។
សម្តេចប្រធានរដ្ឋសភា ហេង សំរិន បានលើកឡើងថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តម ស្យុង ប៉ គឺបានជម្រុញកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែម ទៀតលើវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា ឋាមពល អគ្គីសនី ជាពិសេស នោះហេដ្ឋារចនាសម្ព័ន្ធ មាន គម្រោងផ្លូវល្បឿនលឿន និងកំពង់ផែទឹកជ្រៅ ដែលជាសរសៃ ឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូននៅកម្ពុជា បន្ថែមពីលើកិច្ចសហប្រតិបត្តិការលើវិស័យ អប់រំ វប្បធម៌ និងទេសចរណ៍ ហើយថាប៉ុន្មានឆ្នាំកន្លងទៅនេះ ការធ្វើពាណិជ្ជកម្មទ្វេភាគី និង ការវិនិយោគ មានការរីកចំរើនយ៉ាងខ្លាំង ធ្វើឲ្យប្រទេសចិនក្លាយជាដៃគូពាណិជ្ជកម្ម និងជា ប្រទេសមានទុនវិនិយោគធំទី១ នៅកម្ពុជា ក្នុងនោះក៏បានចាត់វិធានការ ដើម្បីពង្រឹងការនាំ ចូលពីប្រទេសកម្ពុជាលើផលិតផលកសិកម្មជាច្រើនប្រភេទផងដែរ។
ក្នុងនាមប្រជាជនកម្ពុជា សម្តេចពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណបក្សកុំម្មុយនីស្តចិន រដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកដ៏ធំធេងក្នុងការជួយឧបត្ថម្ភ គាំទ្រ ទំាងហិរញ្ញប្បទានឥតសំណង និងកម្ចីសម្បទានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕ ដោយ វុន សុខជា