ខេត្តមណ្ឌលគិរី ៖ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការអូរពោត នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានដើរល្បាត ហើយបានជួបប្រទះនឹងទេសភាពដ៏ស្រស់ស្អាត គួរឲ្យចង់គយគន់ និងលម្ហែកាយ ហើយត្រូវបានប្រជាសហគមន៍រស់នៅតំបន់នោះបានប្រសិទ្ធីនាមទឹកជ្រោះនេះថា «ទឹកធ្លាក់៧ជាន់»។
លោកវុធ សារុំ នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានឲ្យដឹងថា នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ សម្បូរដោយតំបន់សក្ដានុពលទេសចរណ៍ធម្មជាតិ និងសត្វព្រៃ ជាពិសេសថ្មភ្នំណាមលៀរដែលផុសនៅចំកណ្ដាលព្រៃព្រឹក្សា និងទឹកជ្រោះដែលទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាយ៉ាងច្រើនកុះករ។ លោកបន្ថែមថា ថ្មីៗនេះមន្រ្តីឧទ្យានុរក្សបានដើរល្បាតក្នុងភូមិសាស្រ្ត ហើយបានប្រទះឃើញទឹកជ្រោះដ៏ស្រស់ស្អាតនេះ ដែលមានចម្ងាយប្រមាណជា៥គីឡូម៉ែត្រពីស្នាក់ការការអភិរក្សអូរពោត។
លោកនាយកដែន ក៏បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ចូលរួមអភិរក្ស ហើយចូលមកទស្សនាតំបន់ទឹកធ្លាក់ដ៏មានសក្ដានុពលនេះ និងចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ដោយកុំចោលសំរាមរប៉ាត់រប៉ាយ បណ្ដាលឲ្យបាត់បង់សោភណភាពដ៏ស្រស់ស្អាតនេះ។
សូមរម្លឹកជូនថា ភ្នំណាមលៀរ ស្ថិតក្នុងភូមិទី ១ ឃុំប៊ូស្រា ស្រុកពេជ្រាដា នៃដែនជម្រកសត្វ្រៃភ្នំណាមលៀរ ដែលបង្កើតឡើងដោយព្រះរាជក្រឹត្យ ឋិតនៅភាគខាងជើងក្រុងសែនមនោរម្យនៃទីប្រជុំជនខេត្តមណ្ឌលគិរី ជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម ស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជារៀងរាល់ថ្ងៃ ជាពិសេសររដូវបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ៕ ប្រភពFB
សូមទស្សនារូបភាពខាងក្រោម៖