អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឃតំបន់ឆ្នេរសមុទ្រកម្ពុជា សូមជម្រាបជូនសាធារណជនថា ផ្អែកតាមសំណើររបស់ប្រជាពលរដ្ឋចំនួន ១០៣គ្រួសារ ដែលបានរស់នៅ និងកាន់កាប់ដីជាក់ស្តែងតាំងពីឆ្នាំ ១៩៨៦ មក នៅពយកំពេញ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅខែសីហា ឆ្នាំ ២០១៦រាជរដ្ឋាភិបាលបានសម្រេចធ្វើប្រទានកម្មដីនៅពយកំពេញនេះ ជូនប្រជាពលរដ្ឋទាំង១០៣គ្រួសារជាកម្មសិទ្ធិ។
លើសពីនោះមក ការកសាងបណ្តាញផ្លូវបេតុង ប្រព័ន្ធលូ គម្រោងអភិវឌ្ឍនានា និងការកែសម្អឆ្នេរថ្ម ឲ្យទៅជាឆ្នេរខ្សាច់ដែលអាចឲ្យសារធាណៈ និងរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផ្ទុយពីព័ត៌មានអវិជ្ជមាននាពេលថ្មីៗនេះ ដែលផ្សព្វផ្សាយថា មានការចាក់ដីចូលឆ្នេរសមុទ្រនៅពយកំពេញ ។
ទន្ទឹងនេះ កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៨ រាជរដ្ឋាភិបាលបានអនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យ ២០៣០ សំដៅធានាការអភិវឌ្ឍនខេត្តព្រះសីហនុ ។
នេះជាប្រវត្តិរបស់ «ពយកំពេញ» ជាតំបន់មាត់សមុទ្រដ៏ស្រស់ស្អាតមួយស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ហើយបច្ចុប្បន្នកំពុងនឹងមានអភិវឌ្ឍកែច្នៃទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងស្រស់ស្អាតមួយមិនចាញ់តំបន់រមណីយដ្ឋានទេសចរណ៍មាត់សមុទ្រល្បីៗនៅលើពិភពលោកនោះឡើយ។
«ពយកំពេញ» ជាតំបន់មួយស្ថិតនៅរាប់រយម៉ែត្រពីតំបន់ឆ្នេរខ្សាច់ ហើយតំបន់នេះពីមុនពុំមានឆ្នេរខ្សាច់នោះទេ មានតែថ្មមុតស្រួច។ ជាពិសេសមានរលកធំៗ មិនអាចចុះលេងទឹកបានងាយស្រួលនោះឡើយ ព្រមទាំងងាយនឹងមានគ្រោះថ្នាក់ថែមទៀតផង។
បើទោះបីតំបន់នេះមិនមានឆ្នេរខ្សាច់យ៉ាងណាក្តី តែសម្រស់ទេសសភាពនៅទីនេះមានភាពស្រស់ស្អាត ហើយទឹកសមុទ្រក៏ថ្លាផងដែរ។ ដោយមើលឃើញពីស្រស់ស្អាតទាំងនេះ ទើបមានក្រុមហ៊ុនមួយដែលទទួលបានការអនុញ្ញាតពីក្រសួងពាក់ព័ន្ធបានធ្វើការកែប្រែ និងអភិវឌ្ឍតំបន់នេះឲ្យស្រស់បំព្រងឡើង និងគួរជាទីទាក់ទាញសម្រាប់អ្នកទេសចរណ៍ថែមទៀតផង។
យោងតាមទំព័រ Facebook ដែលមានឈ្មោះថា «Coral of Kompenh SHV Cambodia» បានគូសបញ្ជាក់ថា តំបន់ «ពយកំពេញ» ត្រូវបានសិក្សា និងកែច្នៃលម្អ ធ្វើឆ្នេរខ្សាច់ស និងសួនបៃតងសម្រាប់ដើរលេងកម្សាន្ត ទៅតាមស្ថានភាពទីតាំងជាក់ស្តែង ដូចជា៖ រៀបថ្មធម្មជាតិធ្វើជារបាំងការពាររលក និងខ្សាច់កុំឲ្យហូរ ដើម្បីរក្សាខ្សាច់ឲ្យនៅជាឆ្នេរសម្រាប់លេងទឹកបាន, កែលម្អទីតាំងដែលត្រូវរលកធំៗបក់បោកធ្វើឲ្យបាក់ច្រាំង ច្រោះដីជាឆ្នេរថ្ម និងរៀបចំធ្វើសួនបៃតងសម្រាប់ដើរលេងកម្សាន្ត។
បច្ចុប្បន្នការកែច្នៃលម្អឆ្នេរខ្សាច់ និងឆ្នេរថ្មរួមទាំងសួនបៃតងនេះ កន្លែងខ្លះបានធ្វើរួចរាល់ កន្លែងខ្លះកំពុងរៀបចំ និងទីតាំងមួយចំនួនទៀតមិនទាន់បានធ្វើរួចរាល់នោះទេដោយសារអាកាសធាតុភ្លៀង ខ្យល់ ព្យុះជាច្រើនខែមកហើយ។
ទំព័រ Facebook ដដែលនេះ បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍នៅ «ពយកំពេញ» នេះមានការសិក្សាធ្វើឲ្យក្លាយជារមណីដ្ឋានបែបប្រណិត និងទំនើបមានអគារពាណិជ្ជកម្ម និងសណ្ឋាគារខ្នាតអន្តរជាតិ ដោយមានការរចនាបែបខ្មែរបូរាណ អេកូទេសចរណ៍ ដើម្បីធ្វើឲ្យមានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយមានការប្រកួតប្រជែងជាមួយប្រទេសជិតខាង៕ ប្រភពFB ដោយ សុខជា