អ្នកស្រាវជ្រាវកំណាយរកឃេីញផូស៊ីលដើមឈើប្រវែង១៤ម​ នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តរតនគីរី

0
414

អ្នកស្រាវជ្រាវ​បុរាណ​វិទ្យា​ នៅថ្ងៃពុធ ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានធ្វើកំណាយ រកឃើញផូស៊ីលដើមឈើ បានប្រវែង១៤ម៉ែត្ររួចហើយនៅលើទីតាំងគម្រោងស្រាវជ្រាវ​ក្នុងដែនជម្រកសត្វព្រៃលំផាត់​ ក្នុងស្រុកលំផាត់​ ខេត្ត​រតនគីរី​។

លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថាក្រុមការងរជំនាញក្រសួងបរិស្ថាន អ្នកបច្ចេកទេសមកពីរាជបណ្ឌិតសភាកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ អ្នកស្រាវជ្រាវអំពីសត្វ អ្នកធរណីវិទ្យា និងក្រុមការងារស្ម័គ្រចិត្ត នឹងបន្ត​ធ្វើកំណាយសិក្សាស្រាវជ្រាវលើផូស៊ីលដើមឈើ រយ:ពេល​ ១សប្តាហ៍​កន្លងមកហេីយ។​ នៅពេល​នេះ​ ក្រុម​ការងារ​បន្ត​កំណាយ​ លេីទីតាំងបន្ថែម​ទៀត​ព្រោះ​អ្នកស្រាវជ្រាវ​ បានរកឃេីញសំណាកមានមែកឈេី​ និងសង្ស័យមានដេីមឈេីថ្មនេះហាក់ជាដួលសង្កត់​លេីដេីមឈេី។

លោក​ លឹម​ វណ្ណច័ន្ទ​ បានបន្តថា នេះជាគម្រោងស្រាវជ្រាវជាប្រវត្តិសាស្រ្តលើកទី០១ លើផូស៊ីលឈើនៅព្រះរាជាណាចក្រកម្ពុជា ដោយអ្នកជំនាញពាក់ព័ន្ធបុរាណវិទ្យា ហើយគម្រោងនេះ បានទទួលការគាំទ្រផ្តួចផ្តើមដោយ​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានសហការពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៃខេត្តរតនគីរី មន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស កងកំលាំងប្រដាប់អាវុធ និងប្រជាសហគមន៍តំបន់ការពារធម្មជាតិវាលកំបោរ។

លោក លឹម​ វណ្ណច័ន្ទ បានបញ្ជាក់ដែរថា គោលបំណងនៃការធ្វើកំណាយសិក្សា​ស្រាវជ្រាវនេះ នឹងប្រមូលទិន្នន័យ និងសំណាកសម្រាប់ចងក្រងជាឯកសារវប្បធម៌ប្រវត្តិសាស្រ្តមួយនៅកម្ពុជា។

លោក​ សៀង​ សុថា​ អតីតប្រធាននាយកដ្ឋានភូគព្ភសាស្រ្តក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត​ជាមួយ​ក្រុម​ការងារ​ដោយ​យល់​ថាជាគម្រោងមានសារ:សំខាន់សម្រាប់ការស្រាវជ្រាវរកឃេីញផូស៊ីលឈេីថ្ម​ ដែលអាចកេីតឡេីងមានអាយុរាប់លានឆ្នាំ​។ លោក​ជំនាញផ្នែកដីនេះរូបនេះបានបញ្ជាក់​ ការរកឃេីញថ្មីនេះជាប្រយោជន៍សំខាន់នៃការសិក្សាស្រាវជ្រាវរបស់ជំនាន់ក្រោយ​ និង​បង្ហាញពីការ​វិវត្តន៍​ថ្មី​នៃការស្រាវជ្រាវរបស់កម្ពុជាលេីកំណាយសិក្សាលេីផូស៊ីលឈេី​។

សូមបញ្ជាក់ថា ក្រុមការងារស្រាវជ្រាវលើផូស៊ីលដើមឈើ បានចាប់ផ្តើមគម្រោងរបស់ខ្លួន ពីថ្ងៃ២២ ខែតុលា ហើយបន្តដល់ថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រុមការងារ កំពុងបន្តពិនិត្យទីតាំងផូស៊ីលឈើចំនួន១៨កន្លែង​ផ្សេង​ទៀតក្បែរនោះ​សង្ស័យមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់។

លោក​ ផុន​ ខេមរិន្ទ​ ប្រធាន​មន្ទីរបរិស្ថានខេត្តរតនគីរី​ បានបង្ហាញសេចក្តីសង្ឃឹមថា តំបន់នេះ នឹងអាចប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ជាទីតាំងទាក់ទាញការសិក្សាស្រាវជ្រាវបន្ថែមដល់សិស្ស និស្សិត ដែលអាចជាប្រយោជន៍នៃលើកកម្ពស់ការថែរក្សាធនធានធម្មជាតិ និងបង្កើនជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍។​ លោកនឹង​រៀបចំបង្កេីតជាស្នាក់ការងនៃតំបន់ការពារធម្មជាតិ​ ដេីម្បីការពារតំបន់កំណាយផងដែរ៕

ប្រភពៈ ក្រសួងបរិស្ថាន កែសម្រួលដោយ NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here