ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញដល់រដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មីត្រូវខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ស្របតាមឆន្ទៈ និងការទុកចិត្តរបស់ប្រជាជននៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា។
ព្រះអង្គបានមានព្រះបន្ទូលយ៉ាងដូច្នេះថា៖ ជាឪកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភា នីតិកាលទី៦ ប្រារព្វបើកសម័យប្រជុំដំបូងរបស់ខ្លួន ស្របទៅតាម កាលកំណត់របស់ធម្មនុញ្ញនៃព្រះរាជធាណចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ ត្រូវបានជ្រើសរើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី ២៩ ខែកក្តដា ឆ្នាំ ២០១៨ កន្លងទៅនេះ ។
ក្នុងឪកាសដ៏ឧត្តុងឧត្តម នេះ ខ្ញុំសូមសម្តែងនូវក្តីសោមនស្សរីករាយ ចូលរួមអបសាទរពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៦ និងសូមសម្តែងនូវអំណរសាទរដ៏កក់ក្តៅជូនចំពោះ សមាជិក សមាជិការរដ្ឋសភា ទាំងអស់ ដែលប្រជាពលរដ្ឋបានសម្តែង នូវឆន្ទះ និងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតកន្លងទៅនេះ ។
ចាប់ពីពេលដែលរដ្ឋសភាបានចាប់បដិសន្និជាថ្មីនាឆ្នាម ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល ២៥ឆ្នាំកន្លងមកហើយ កម្ពុជាបានក្លាយពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍគ្រប់វិស័យ ដែលធ្វើឲ្យប្រជាពលរដ្ឋបានរស់នៅប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។
រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញតិ្ត និងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ កសាង ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុត្តន៍ច្បាប់ ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ ។
តំណាងរាស្រ្តក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទំាងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ និងការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកំរិតវិជ្ជារបស់ខ្លួន ។
ច្បាប់ទាំងឡាយដែលរដ្ឋសភាបនាអនុម័ត គឺជាឧបករណ័គតិយុត្តិសម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតីរដ្ឋ សំដៅឲ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គាន់ និងល្អ ស្របតាមការវិវឌ្ឍន៍រីកចំរើនរបស់សង្គមជាតិ ។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា និងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកម្ពស់កំរិតជីវភាពរបស់ប្រជាពលរដ្ឋបន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប និងករអភរិក្ស និងអភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ។
ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុងឧត្តមនេះ ប្រជាជាតិកម្ពុជាមានឯកភាព និងសាមគ្គីភាពជាតិខ្អស់ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា បានឲ្យដឹងថា ការប្រារព្ធពិធីបើកសម័យប្រជុំលើកដំបូងថ្ងៃនេះ ចាប់ផ្តើមឡើងនៅវេលាម៉ោង៨ព្រឹក។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១ នឹងចាប់ផ្តើមការងាររបស់ខ្លួនក្រោមអធិបតីភាពសម្តេចអគ្គពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦។
លុះនៅពេលរសៀលតំណាងរាស្ត្រទាំង១២៥រូប នឹងចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើពិធីសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រមហាក្សត្រខ្មែរមុននឹងចាប់ផ្តើមបំពេញការងាររបស់ខ្លួន។
ដោយឡែកសម្រាប់ថ្ងៃបន្ទាប់វិញ ពោលគឺថ្ងៃទី០៦ ខែកញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភារួមមាន៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ៕