សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ ១៤,៧៩៩នាក់ នៅតំបន់រោងចក្រផ្លូវវេងស្រេង

0
375

(ភ្នំពេញ) នៅព្រឹកនៅថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ១៤,៧៩៩នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ។ កិច្ចសំណេះសំណាលនេះធ្វើឡើងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រោងចក្រ សហគ្រាសទាំង៦ ដែលអនុញ្ញាតឲ្យកម្មករបានចូលរួមក្នុងពិធីសំណេះសំណាលនៅថ្ងៃនេះ គឺ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៤, ផលិតកាបូបចំនួន១ និងផលិតកេសកាតុងចំនួន១ ។ ផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំង ដែលបានអញ្ជើញជួបសំណេះ សំណាល ជាមួយកូនក្មួយកម្មករជាបន្តទៀតនៅតំបន់រោងចក្រក្នុងខណ្ឌពោធិ៍សែនជ័យ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះកូនក្មួយទាំងអស់ ដែលបានគោរព ស្រលាញ់ សម្តេចតេជោរហូតមក។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានអរគុណម្ចាស់រោងចក្រទាំង អស់ដែលបានអនុញ្ញាតឲ្យកូនក្មួយកម្មករបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញដែលនេះគឺបានបង្ហាញពីក្តីស្រឡាញ់និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពគ្នារវាងកម្មករ និងម្ចាស់រោងចក្រ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់សារជាថ្មីថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលបានរួមសុខទុក្ខជាមួយប្រជាពលរដ្ឋហើយមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនទៅមុខ បន្តទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា ចាប់ពីដើមឆ្នាំ២០១៩ តទៅ កម្ពុជានឹងចាប់ អនុវត្តការបើកប្រាក់ខែជាប្រចាំ ២សប្តាហ៍ម្តង សម្រាប់បងប្អូនកម្មករព្រមទាំងមន្ត្រីរាជការរួមទាំង វិស័យឯកជនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here