អបអរសាទកម្ពុជា! អង្គការយូណេស្កូ នឹងចុះបញ្ជីល្ខោនខោលខ្មែរ ជាសម្បត្តិវប្បធម៌ តាមសំណើរបស់កម្ពុជា

0
311

មន្រ្ដីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញក្តីសង្ឃឹមថា អង្គការយូណេស្កូ (UNESCO) នឹងចុះបញ្ជីល្ខោនខោលជាសម្បត្តិវប្បធម៌តាមសំណើរបស់កម្ពុជា ក្នុងការផ្តល់ នូវផលប្រយោជន៍យ៉ាងច្រើន សម្រាប់ការអភិរក្សសម្បតិ្តអរូបីរបស់កម្ពុជា។

ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះថា កម្ពុជាគ្មានការព្រួយបារម្ភឡើយ ដោយសារកម្ពុជាមានឯកសារជាមូលដ្ឋានគ្រប់គ្រាន់ដែលបញ្ជាក់ថា ល្ខោនខោលជារបស់ខ្មែរ ជាពិសេសកម្ពុជាបានដាក់ពាក្យស្នើសុំទៅអង្គការយូណេស្កូមុនប្រទេសថៃ។

ឯកឧត្តមបាន អះអាងថា ល្ខោនខោលខ្មែរ មានលក្ខណៈខុសគ្នាស្រឡះពីល្ខោនខុនរបស់ថៃ ដោយសារ លក្ខណៈរាំ និងក្បាច់ មានភាពខុសគ្នា ឬគ្រាន់តែស្រដៀងគ្នាតិចតួចតែប៉ុណ្ណោះ។

ការលើកឡើងរបស់មន្រ្ដីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះគឺធ្វើឡើង បន្ទាប់ពីមាន ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកបានបំផុសព័ត៌មានដែលបង្កការព្រួយបារម្ភ ខ្លាចប្រទេសថៃចុះបញ្ជីល្ខោនខោលរបស់ខ្មែរធ្វើជារបស់ខ្លួន។

ឯកឧត្ដម ថៃ នរៈសត្យា បានលើកឡើងថា ការបង្ហោះព័ត៌មានតាមបណ្ដាញទំនាក់ ទំនងសង្គមបែបនេះ គឺជាព័ត៌មានគ្មានមូលដ្ឋាន ហើយអ្នកបង្ហោះព័ត៌មានទាំងនោះ គ្រាន់តែ ចង់បានការចាប់អារម្មណ៍ ឬចង់បានការចែកចាយឱ្យបានច្រើនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តែប៉ុណ្ណោះ។

ឯកឧត្ដមបានបន្ថែមទៀតថា ចំពោះបញ្ហាការសម្រេចចិត្តរបស់អង្គការ យូណេស្កូ លើល្ខោនខោលថា ជារបស់ប្រទេសណាមួយនោះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវមានការស្ងប់ស្ងាត់ និងសូមរង់ចាំលទ្ធផលផ្លូវការជាក់ស្ដែងជាលាយលក្ខណ៍អក្សរ​ចេញ ពីអង្គការ យូណេស្កូ នោះទើបមានអាចយកជាការបាន និងមានតម្លៃពិតប្រាកដ។

ពាក់ព័ន្ធទៅនឹងការប្រកាសផ្លូវការរបស់អង្គការយូណេស្កូលើការស្នើសុំចុះបញ្ជីល្ខោនខោលនេះ នឹងត្រូវសម្រេចជាផ្លូវការនៅចុងឆ្នាំ២០១៨នេះ។

សូមរម្លឹកថា កន្លងមក ល្ខោនស្បែកធំ របស់កម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៅអង្គការយូណេស្កូ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ និងល្បែងទាញព្រ័ត្រ ដាក់បញ្ជូនកាលពីថ្ងៃ០២ ខែធ្នូ ឆ្នាំ២០១៥។

ទន្ទឹមនេះ កាលពីឆ្នាំ២០១៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានបញ្ជូនឯកសារចាប៉ីដងវែងដែលបានរៀបចំចប់សព្វគ្រប់ទៅ អង្គការ យូណេស្កូ កាលពីឆ្នាំ២០១៦។

ចំណែកក្បាច់គុណល្បុក្កតោ ភ្លេងអារក្ស និងល្ខោនខោល ក៏បានស្នើចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ផងដែរ៕

(សូមទស្សនាវិដេអូខាងក្រោមនេះ)

ប្រភព៖ ក្រសួងវប្បធម៌

LEAVE A REPLY

Please enter your comment!
Please enter your name here