អង្គរថាយហ្គឺរ ជឿជាក់ ១០០% លើគ្រូបង្វឹក សម្រាប់ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Hun Sen Cup

0
273

(កីឡា) ដោយមើលឃើញពីសមិទ្ធិផលដ៏ល្អប្រសើរទាំងលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ នាប៉ុន្មានប្រកួតចុងក្រោយ ថ្នាក់ដឹកនាំក្រុមអង្គរថាយហ្គឺរ បានដាក់ការជឿជាក់ជាខ្លាំងលើគ្រូបង្វឹកលោក Oriol Mohedano និងកីឡាករទាំងអស់ សម្រាប់ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី០២ ខែកញ្ញាចុងសប្ដាហ៍នេះ ។ នេះបើតាមការបញ្ជាក់របស់ កញ្ញា សុខ មួយ អគ្គលេខាធិការក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ។

អគ្គលេខាធិការក្លឹបស្រីវ័យក្មេងរូបនេះ បានបញ្ជាក់ក្រោយរកឃើញគូប្រកួតវគ្គ ១/២ ថា៖ «ខ្ញុំទុកចិត្ត និងជឿជាក់ ១០០% សម្រាប់គ្រូបង្វឹករបស់យើង ក្នុងការដឹកនាំ ដោយសារប៉ុន្មានប្រកួតចុងក្រោយ ទាំងកីឡាករ និងគ្រូបង្វឹក សុទ្ធតែស៊ីចង្វាក់គ្នា ពួកគាត់ធ្វើបានល្អ ។ អុីចឹងថ្នាក់ដឹកនាំ គាត់មានការទុកចិត្តខ្ពស់បំផុត ទៅលើពួកគាត់ ហើយសង្ឃឹមថា ពួកគាត់នឹងធ្វើបានល្អ ដើម្បីទទួលបានជ័យជម្នះក្នុងជំនួបជាមួយក្រុមប៉ូលិស» ។ តែយ៉ាងណាកញ្ញា បានអះអាងថា នឹងមិនធ្វេសប្រហែស ឬមើលងាយគូប្រកួតឡើយ ព្រោះប៉ូលិស ក៏ធ្លាប់លើកពាននេះដែរ ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ នឹងធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ដោយប្រើប្រាស់ទឹកដីកណ្ដាល គឺពហុកីឡដ្ឋានជាតិ ដើម្បីប្រកួតកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ តែក្រុមចាញ់នឹងទទួលបានលេខ៣ ដោយស្វ័យប្រវត្តិ មិនបាច់ប្រកួតនោះទេ ។

រីឯកម្មវិធីប្រកួត គឺក្រុមក្រសួងការពារជាតិ ត្រូវជួបក្រុមណាហ្គាវើល នៅថ្ងៃទី០១ កញ្ញា និងក្រុមអង្គរថាយហ្គឺរ ជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០២ កញ្ញា ឆ្នាំ២០១៨ ។ ចាំមើលតើក្រុមណាខ្លះ នឹងក្លាយជាបេក្ខភាពប្រកួតវគ្គផ្ដាច់ព្រ័ត្រពានប្រើប្រាស់កីឡាករក្នុងស្រុកសុទ្ធមួយនេះ ៕ ប្រភពCAMSPORT

LEAVE A REPLY

Please enter your comment!
Please enter your name here