នាព្រឹកថ្ងៃពុធ ៣រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៨ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងអាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក បានប្រគល់វិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បងជូនប្រជាពលរដ្ឋ៧០គ្រួសារ រស់នៅភូមគិរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដើម្បី ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការយកប័ណ្ណកម្មសិទ្ធិនេះទៅប្រើប្រាស់ តាមតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ក្នុងពិធីប្រគល់វិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ភូមគិរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុលោក សោម សុមនោ អនុប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានមានប្រសាសន៍ថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានប្រគល់ប័ណ្ណកម្មសិទ្ធិ និងវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាច្រើនប័ណ្ណរួចហើយ ជូនប្រជាពលរដ្ឋនៅតាមបណ្តាភូមិឃុំស្រុកមួយចំនួន ហើយនឹងកំពុងធ្វើបន្តរហូត ។
លោកបានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិ ឫវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមួយសន្លឹកប្រគល់ជូនបងប្អូននាពេលនេះ គឺមានតម្លៃណាស់សម្រាប់បងប្អូនយកទៅប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃ។ ដូចនេះ សូមបងប្អូនត្រូវចេះថែរក្សា ការពារប័ណ្ណដ៍មានតម្លៃនេះឲ្យបានល្អ និងមានសុវត្ថិភាព។ លោកក៍បានបញ្ជាក់បន្ថែមថា ការផ្តល់ប័ណ្ណឫវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺស្ថិតក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល លើវិស័យដីធ្លី គឺធ្វើយ៉ាងឲ្យប្រជាពលរដ្ឋគ្រប់ៗគ្នាទទួលបាននូវប័ណ្ណកម្មសិទ្ធដីធ្លី ។
លោកអនុប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូយោដី ខេត្តព្រះសីហនុ បានឲ្យដឹងទៀតថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ គឺជាវិធីសាស្រ្តមួយ ដែលធ្វើការចុះបញ្ជី ដីធ្លីបានយ៉ាងច្បាស់ មានប្រសិទ្ឋិភាព មានតម្លាភាព និងធានាបាននូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ដើម្បីកាន់កាប់ដីធ្លី និងធានាសុវត្ថិភាពដីធ្លី។ លោកបន្តថា ការគ្រប់គ្រងដីធ្លីបានល្អ គឺជាមូលដ្ឋានឲ្យរដ្ឋគិតគូរប្រមូលចំណូលចូលថវិកាជាតិបានកាន់តែប្រសើរឡើង។ ម្យ៉ាងទៀត គឺជាការរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការអនុវត្តនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។ លោកថា គ្រប់សកម្មភាព មុននឹងចេញប័ណ្ណកម្មសិទ្ធសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋ គឺក្រុមមន្រ្តីជំនាញសុយោដីបានចុះ វាស់វែងក្បាលដីជាច្រើនខែមកហើយ រហូតមកដល់ថ្ងៃនេះ គឺបានប្រគល់ទទួលជាផ្លូវការតែម្តង។
សូមបញ្ជាក់ថា តាំងពីឆ្នាំ២០១២ ប្រជាពលរដ្ឋ មិនទាន់បានទទួលប័ណ្ណកាន់កាប់អចលនវត្ថុ ឫវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលបានចុះវាស់វែងក្នុងយុទ្ធនាការបទបញ្ជា ០១ របស់សម្តេចតេជោ ហើយកន្លងមកមិនបានចែកប័ណ្ណជូនពួកគាត់ អស់ពេល៦ឆ្នាំ ហើយឥឡូវលោកប្រធានមន្ទីរបានរៀបចំ និងយកប័ណ្ណទាំងអស់ចែកជូនពួកគាត់ ពីព្រោះពួកគាត់ទន្ទឹងរង់ចាំ ៦ឆ្នាំហើយ ៕ ដោយ វុន សុខជា