ឥណ្ឌូនេស៊ីកោតសរសើរ ពីការបោះឆ្នោតនៅកម្ពុជា ថាពិតមាន សន្តិសុខ និង សុវត្ថិភាពល្អ

0
253

(ភ្នំពេញ) ឯកអគ្គរដ្ឋទូត សារធារណៈរដ្ឋ ឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៦ ឆ្នាំ២០១៨ នៅកម្ពុជា បានបង្ហាញអោយឃើញពីសកម្មភាពនៃការរៀបចំប្រព្រឹត្តិទៅប្រកបដោយ សន្តិសុខ សុវត្ថិភាពយ៉ាងល្អ ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត។

ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេន ឯកអគ្គរដ្ឋទូតសារធារណៈរដ្ឋ ឥណ្ឌូនេស៊ី បានការលើកឡើងយ៉ាងដូច្នេះ នៅក្នុងឪកាស អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ។

នៅក្នុងជំនួបនេះដែរ ឯកឧត្តម ឃួង ស្រេង បានជម្រាបជូនពីការរីកចំរើន របស់រាជធានីភ្នំពេញ ជាមួយនិងការកើនឡើងនៃកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស តាមរយៈការមកបណ្តាក់ទុនវិនិយោគ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រៅពីនេះ ក៏មានកំណើនប្រជាជន មករស់នៅក្នុងរាជធានីភ្នំពេញ ក៏មានការកើនឡើង ដែលមកដល់ពេលនេះ មានប្រមាណជិត៣លាននាក់ កំពុងរស់នៅ។ ទាក់ទងនិងការរីកចំរើននេះដែរ ឯកឧត្តម អភិបាល ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដែលបាននិងកំពុងជួបប្រទះ ដូចជា បញ្ហាចរាចរណ៍ បញ្ហាសំរាម និងបញ្ហាបរិស្ថាន ដែលទាមទារអោយ មានការដោះស្រាយ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីភាពជោគជ័យ ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ កន្លងទៅនេះ ដោយមិនបានបង្ករភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋ ចំពោះការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្មផ្សេងៗ ខុសពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ឆ្នំា២០១៣ ដែលទាំងនេះ គឺបានកើតចេញពីការខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយរដ្ឋមន្ត្រី បានខិតខំ ដើម្បីបំរើប្រជាជន និងប្រទេសជាតិ ។

ជាមួយគ្នានោះដែរ ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេន បានបញ្ជាក់ អំពីស្ថានភាពប្រព្រឹត្តទៅ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅកម្ពុជា បានប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ សេរី និងយុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋ ស្របពេលដែល ឯកឧត្តម បានមកបំពេញបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត នូវបានបញ្ជាក់ទៀតថា ឥណ្ឌូនេស៊ីនឹងបន្តធ្វើអោយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ការរទូត ជាពិសេសបន្តជម្រុញឱ្យមានការមកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍ឱ្យកាន់តែច្រើនថែមទៀត រវាង ប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូនេស៊ី។

សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ដល់ថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ឥណ្ឌូនេស៊ី និង កម្ពុជា នឹងសហការគ្នារៀបចំ ពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាទកោះពេជ្រដោយមានជាង១០០ក្រុមហ៊ុន មកធ្វើការដាក់តាំងបង្ហាញនូវផលិតផលរបស់ខ្លួន៕ដោយ វុន សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here