(ភ្នំពេញ) ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ បានថ្លែងថា គ.ជ.ប បានសម្រេចមិនប្រកាសលទ្ធផល ផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ តាមការកំណត់ទុកនោះទេ។ បើតាមកាលវិភាគ, គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ ពោលនៅប្រមាណតែ ២៤ម៉ោងទៀតប៉ុណ្ណោះ។
មូលហេតុដែល គ.ជ.ប សម្រេចផ្អាកការប្រកាសលទ្ធផលផ្លូវការនេះ ដោយសារតែគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ បានយកបណ្តឹងទៅដាក់នៅទីស្តីការ គ.ជ.ប។ Facebook ផ្លូវការរបស់លោក ពេជ្រ ស្រស់ ក៏បានបញ្ជាក់ដែរថា មូលហេតុនៃការដាក់បណ្តឹង គឺដោយសារតែលោកយល់ថា លទ្ធផលបណ្ណោះអាសន្ន ដែល គ.ជ.ប ទើបនឹងប្រកាស ហាក់ដូចជាមិនទាន់មានលក្ខណៈត្រឹមត្រូវនៅឡើយ។
ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃទី១១ ខែសីហា ជាថ្ងៃប្រកាសលទ្ធផលបណ្តោះអាសន្ន ហើយបើគ្មានបណ្តឹងពីថ្ងៃទី១១នោះមក រយៈពេល៧២ម៉ោង គិតរហូតដល់ថ្ងៃអង្គារ ម៉ោង៦៖៥៩នាទីព្រឹកស្អែក អត់មានពាក្យបណ្តឹងទេ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃទី១៥ ខែសីហា»។
ឯកឧត្តមបន្តថា «ប៉ុន្តែក្នុងករណីមានបណ្តឹង អញ្ចឹងការគ្រោងប្រកាសលទ្ធផលផ្លូវការ នឹងត្រូវលើកពេល ដោយសារត្រូវការពេលដើម្បីដោះស្រាយបណ្តឹង…។ ប្រសិនបើបណ្តឹងគ្មានសាក្សី និងភស្តុតាងច្បាស់លាស់នឹងត្រូវច្រានចេញទៅវិញ [រក្សាលទ្ធផលដដែល]»។
អ្នកនាំពាក្យរូបនេះ បានឲ្យដឹងទៀតថា ប្តឹងអាចធ្វើបានពីរកន្លែង, ទី១៖ នៅ គ.ជ.ប និងទី២៖ នៅក្រុមប្រឹក្សាធម្មនុញ្ញ។ លោកបន្តថា បើគណបក្សនយោបាយដែលបានដាក់ពាក្យប្តឹង មិនពេញចិត្តនឹងសេចក្តីសម្រេច គ.ជ.ប នោះទេ គណបក្សនេះ អាចបន្តដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញបន្តទៀត តែសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែបិទផ្លូវតវ៉ាតែម្តង។
បើតាមឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់បន្ថែមថា តាមច្បាប់ គ.ជ.ប ត្រូវតែដោះស្រាយក្នុងពេលវេលាជាបន្ទាន់ និងសមស្រប មានន័យថា ត្រូវបញ្ចប់ឲ្យបានមុនថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដែលជាថ្ងៃប្រកាសលទ្ធផលផ្លូវការ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗ ធ្លាប់បានប្រកាសថា រដ្ឋសភានីតិកាលទី៦ នឹងត្រូវប្រជុំលើកដំបូងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ហើយមួយថ្ងៃបន្ទាប់មក នឹងត្រូវបង្កើតរដ្ឋាភិបាលថ្មី ផងដែរ។
សូមបញ្ជាក់ថា នីតិវិធី នៃការប្រកាសលទ្ធផលបោះឆ្នោត មានបីដំណាក់កាល គឺលទ្ធផលបឋម លទ្ធផលបណ្តោះអាសន្ន និងលទ្ធផលផ្លូវការ។ លទ្ធផលបឋម និងលទ្ធផលបណ្តោះអាសន្ន ត្រូវបាន ប្រកាសរួចរាល់អស់ហើយ។ តួលេខ នៃលទ្ធផលបឋម និងលទ្ធផលបណ្តោះអាសន្ន ខុសគ្នាតិចតួចប៉ុណ្ណោះ។
លទ្ធផលទាំងពីរលើកនេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោតជាង៤,៨លាននាក់ ឬស្មើនឹងជាង៧៦ភាគរយ។ ដូច្នេះគេអាចសន្និដ្ឋានជាមុនថា ក្នុងចំណោមគណបក្សទាំង២០ ដែលចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតលើកនេះ ប្រហែលជាមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានលទ្ធភាពទទួលបានអាសនៈក្នុងរដ្ឋសភា៕