(ភ្នំពេញ) ពេលនេះ គេហទំព័រ Facebook របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានយកបានមកវិញដែល ត្រូវបានក្រុមអនាមិកលួច Hack ។
ឯកឧត្តម ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នេះឲ្យដឹងថា ហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានក្រុមកម្លាំងជំនាញយកមកគ្រប់គ្រងវិញបានហើយ នៅម៉ោងប្រមាណ១រសៀលថ្ងៃនេះ បន្ទាប់ពីបាន Hack ចូលគ្រប់គ្រងតាំងពីម៉ោង១១និង១៦នាទីថ្ងៃសុក្រនេះ (គ្រប់គ្រងបានជាង២ម៉ោង) ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា កម្ពុជានឹងសហការជាមួយប៉ូលិសអន្តរជាតិ (Interpol) ដើម្បីតាមចាប់ខ្លួនក្រុម Hacker ទាំងនោះ ។ ការដែលយកមកគ្រប់គ្រងវិញបាន ដោយសារតែមានកិច្ចសហប្រតិបត្តិការពីក្រុមហ៊ុន Facebook ផ្ទាល់តែម្តង ហើយនៅពេលនេះកម្លាំងជំនាញបានរកឃើញតម្រុយមួយចំនួនហើយ ក្នុងនោះគឺជនទុច្ចរិត គឺមាននិន្នាការប្រឆាំង ដែលអ្នកខ្លះកំពុងលាក់ខ្លួននៅក្រៅប្រទេស ។
សូមបញ្ជាក់ថា បន្ទាប់ពីក្រុមជនអនាមិកលួចចូលទៅគ្រប់គ្រង (Hack) អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាកម្លាំងសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវជាបន្ទាន់ ចំពោះជនអនាមិក ដែលបានចូលវាយប្រហារ (Hack) ទំព័រហ្វេសប៊ុកផេករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។
ក្រោយពី Hack បានភ្លាមៗ ក្រុមអនាមិកបានបង្ហោះព័ត៌មានបំភាន់សាធារណជនអំពីការបែងចែកអាសនៈ ដែលគណបក្សប្រជាជន នឹងទទួលបាន ទៅគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ ជាមួយនោះក្រុម Hacker បានលុបចោលនូវព័ត៌មានមួយចំនួនចេញពី Facebook ផ្លូវការរបស់សម្តេចតេជោ ៕