អភិបាលរាជធានីនឹងស្ថាបនាផ្លូវបេតុង២ខ្សែ និងដាក់លូប្រវែង២៥៣០ម៉ែត្រ ជូនពលរដ្ឋក្នុងភូមិព្រែកតាគង់១ទុកជាចំណងដៃ តាមការសន្យាមុនពេលបោះឆ្នោត

0
306

(ភ្នំពេញ) អាជ្ញាធររាជធានីភ្នំពេញ នឹងកសាងផ្លូវបេតុង២ខ្សែប្រវែង២៥៣០ម៉ែត្រ ដាក់បង្គោលភ្លើងបំភ្លឺតាមផ្លូវ និងដាក់ប្រព័ន្ធលូសង្ខាងផ្លូវ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកតាគង់១ នៃតំបន់អភិវឌ្ឍន៍បឹងជើងឯក សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ សំរាប់ប្រជាពលរដ្ឋធ្វើដំណើរអោយមានភាពងាយ   ស្រួល។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រជិត៤០០គ្រួសារ នៃសហគមន៍ព្រែកតាគង់១ ក្នុងសង្កាត់ចាក់អង្រែលើ  នាព្រឹកថ្ងៃទី១០ ខែសីហានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងថា “ដោយមើលឃើញពីភាពទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងតំបន់នេះ​ជាច្រើនដំណរ មកនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋតាមការសន្យារបស់សាលាក្រុងកាលពីពេលមុនបោះឆ្នោត”។ ឯកឧត្តមបញ្ជាក់ថា ការសន្យានោះគឺស្ថាបនាផ្លូវបេតុង១ខ្សែ និងដាក់ប្រព័ន្ធលូ ប្រវែង១៣៣០ម៉ែត្រ ដោយឡែកថ្ងៃនេះគឺសាលាក្រុងជូនផ្លូវបេតុង១ខ្សែទៀតមានប្រវែង១២០០ម៉ែត្រ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ខាងលើនេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើប្រទានកម្មដី ជិត៤០០គ្រួសារ ដើម្បីអោយពួកគាត់មានកន្លែងសង់លំនៅដ្ឋានសមរម្យ និងមានសិទ្ធិកាន់កាប់ស្របច្បាប់។

ការសម្រេចប្រគល់ដីប្រទានកម្ម ពីសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋ   មន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋ៣៨០គ្រួសារ រស់នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ គឺដើម្បីឲ្យបងប្អូនទទួលបានសិទ្ធិលំនៅដ្ឋានរស់នៅស្របច្បាប់ និងចូលរួមកាត់បន្ថយភាពក្រីក្រ តាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៣”។

ចំពោះការស្ថាបនាផ្លូវបេតុងខាងលើនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អោយដឹងថា តាមគម្រោងនឹងស្ថាបនាក្នុងពេលឆាប់ខាងមុខនេះ នឹងស្ថាបនាអោយបានរួចរាល់ នៅឆមាសទី២ នៃឆ្នាំ២០១៨នេះ។ លោកបន្តថា​ ផ្លូវបេតុងប្រវែង២៥៣០ម៉ែត្រនេះ ពីមុនមិនមានប្រព័ន្ធលូទេ ប៉ុន្តែការស្ថាបនាផ្លូវបេតុងថ្មីនេះ គឺមានដាក់ប្រព័ន្ធលូសង្ខាង និងដាក់បង្គោលភ្លើងបំភ្លឺតាមផ្លូវផងដែរ។ ទាក់ទិនទៅនឹងការចំណាយនៃការស្ថាបនាផ្លូវបេតុងខាងលើនេះ លោក សាំ ពិសិដ្ឋ មិនបានបញ្ជាក់ប្រាប់ថា ត្រូវចំណាយថវិការបស់សាលារាជធានីភ្នំពេញ ចំនួនប៉ុន្មាននោះទេ។

លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ អោយដឹងថា ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិព្រែកតាគង់១ មានចំនួន៣៨៦គ្រួសារ ដែលពួកគាត់ភាគច្រើនប្រកបមុខរបដាំបន្លែលក់ ចិញ្ចឹមជីវិត។

សូមបញ្ជាក់ដែរ ក្រោយពីបោះឆ្នោតហើយ តាមការសន្យារបស់ ឯកឧត្តមអភិបាលរាជធានី គឺបានធ្វើតាមការសន្យារបស់ឯកឧត្តមមែនមុនពេលបោះឆ្នោត គឺឯកឧត្តមមិនមែនសន្យាហើយ មិនធ្វើនោះទេ ៕ ដោយ វុន សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here