(ក្រចេះ) ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ គណៈប្រតិភូចុះពិនិត្យស្ថានភាព ផ្លូវ៣៧៧ លិចទឹក និងបន្តចុះពិនិត្យស្ថានភាពស្ពានកាំពី រមណីយដ្ឋានកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្រក្រចេះ។
នៅព្រឹកថ្ងៃសុក្រទី១០ ខែសីហា ឆ្នាំ២០១៨នេះ ដំណើរចុះកាន់ខេត្តតក្រចេះនាថ្ងៃនេះ ស្ថិតក្នុងបេសកកម្ម ដឹកនាំចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៧៣ លេខ៣៨៣A និងផ្លូវជាតិមួយចំនួនទៀត ក្នុងខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងព្រះវិហារ ដែលកំពុងតែរងការគំរាមកំហែងដោយទឹកជំនន់។ការចុះត្រួតពិនិត្យត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីស្វែងយល់អំពីស្ថានភាព និងបានរកឃើញថា កំណាត់ផ្លូវមួយចំនួនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងមធ្យម ហើយក្រសួងកំពុងសហការជាមួយ អាជ្ញាធរពាក់ព័ន្ធដើម្បីចាត់វិធានការទប់ស្កាត់ ហើយគ្រោងនឹងធ្វើការជួសជុលភ្លាមៗ លើទីតាំងខូចខាតបន្ទាប់ពីទឹកស្រក់វិញ។
កំលុងពេលនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងសូមរាយការណ៍មកក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ពីករណីការគំរាមកំហែងដោយទឹកជំនន់នេះ។ សូមកុំបើកបរលើសល្បឿនកំណត់ និងសូមធ្វើដំណើរប្រកបដោយសុវត្ថិភាព។
ក្នុងដំណើរចុះពិនិត្យស្ថានភាពផ្លូវជាតិទាំងនេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន៥០គ្រួសារ ឋិតក្នុងសង្កាត់ស្រះ ឬស្សី ក្រុងស្ទឹងត្រែង ដែលរងគ្រោះលិចលង់ផ្ទះសំបែង ស្រែចំការ និងដំណាំដាំដុះ។អំណោយដែលបានចែកជូនប្រជាពលរដ្ឋពេលកំពុងជួបនូវទុក្ខលំបាក ដោយសារតែផ្ទះសំបែង ស្រែចំការ លិចលង់ដោយសារជំនន់ទឹកភ្លៀងនេះរួមមាន៖ គ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិកា៧ម៉ឺនក្នុងមួយគ្រួសារ។ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះថែសុខភាពផ្ទាល់ខ្លួន ត្រូវដាំទឹកឆ្អិនហូប ចៀសវាងកុំឱ្យមានជំងឺរាគរុសជាន់លើការលំបាកបន្ថែមទៀត៕