(ភ្នំពេញ) សូមរំលឹកថាកាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាក្នុងឱកាសអញ្ជើញ សម្ពោធចំណតកាណូត នៅទីតាំងចំណតឬស្សីកែវ បានអនុញ្ញាត ឲ្យបងប្អូនធ្វើដំណើរតាមកាណូត ពីភ្នំពេញទៅតាខ្មៅ និងតាមរថភ្លើងពីភ្នំពេញទៅប៉ោយប៉ែត បន្ទាយមានជ័យ រហូតដល់ចុងឆ្នាំ ២០១៨ នេះ គឺមិនយកថ្លៃជិះឡើយ (Free)។
ក្រៅពីមិនយកលុយ ចំពោះការជិះកាណូត ពីភ្នំពេញ-តាខ្មៅ និងតាមរថភ្លើង ភ្នំពេញ-បន្ទាយមានជ័យ រហូតដល់ចុងឆ្នាំ ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងស្នើទៅលោកឧកញ៉ាគិត ម៉េង ម្ចាស់ ក្រុមហ៊ុន Royal Railway កុំឲ្យយកលុយពីពលរដ្ឋ ដែលធ្វើដំណើរ តាមរថភ្លើងពីភ្នំពេញ-ព្រះសីហនុក្នុងពេលភ្ជុំបិណ្ឌខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកូនក្មួយ កម្មករ កម្មការិនី មកពីតាម រោងចក្រសហគ្រាសនានា នៅរោងចក្រតំបន់លូ៥ ក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២ សីហានេះថា”ខ្ញុំនឹងចរចាជាមួយលោកឧកញ៉ាគិត ម៉េង បន្តទៀតដើម្បី ត្រៀម ឲ្យគាត់កុំយកលុយក្នុងអំឡុង ពេលភ្ជុំបិណ្ឌរវាងផ្លូវមួយខ្សែពីភ្នំពេញ ទៅក្រុងព្រះសីហនុ។ អាហ្នឹងគឺសម្រាប់ផ្លូវដែក ខ្ញុំសុំស្នើគាត់ ខ្ញុំនឹងស្នើគាត់៣ទៅ៤ថ្ងៃដែរ”។
ជាពិសេសសម្ដេចតេជោ ក៏បានឲ្យសាលាក្រុងត្រៀមរៀបចំ រថយន្តក្រុងដឹកជញ្ជូនបងប្អូន ដោយមិនយកប្រាក់ក្នុង អំឡុងពេលបុណ្យភ្ជុំបិណ្ឌផងដែរ៕